ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ អញ្ជើញចូលរួមវេទិកា​ ជំនាញសកល ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី

ទីក្រុងគូឡាឡាំពួ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមវេទិកា ជំនាញសកលឆ្នាំ២០២៥ (Global Skills Forum 2025) រៀបចំឡើងក្នុងបរិបទ “ASEAN YEAR of SKILLS 2025” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នាឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងវេទិការដ្ឋមន្ត្រីការងារអាស៊ាន សម្រាប់ការអភិវឌ្ឍនមូលធនមនុស្ស (ASEAN Forum of Manpower Ministers for Human Capital Development) ដោយបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការដឹកនាំរៀបចំកម្មវិធីវេទិកា ជំនាញ​សកល ឆ្នាំ២០២៥ នេះ និងថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់កិច្ច សហការក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងក្នុងតំបន់ និងជាសាកលពាក់ព័ន្ធនឹងជំនាញ។

ប្រធានបទនៃកិច្ចពិភាក្សាផ្តោតលើការផ្សារភ្ជាប់គម្លាតជំនាញអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ ការលើកកម្ពស់ចល័តកម្លាំងពលកម្ម ជំរុញកំណើនប្រកបដោយបរិយាបន្ន និងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកំណត់ នូវទស្សនវិស័យគោល នយោបាយ និងការប្តេជ្ញាចិត្តក្នុងតំបន់ និងកិច្ចព្រមព្រៀង ស្តីពីសកម្មភាពសម្រាប់ តាមដានឆ្នាំជំនាញអាស៊ាន ២០២៥។

លោកបានលើកឡើងថា ការអភិវឌ្ឍជំនាញអាចសម្រេច ទៅបានដោយមានការចូលរួមពីរដ្ឋាភិបាល វិស័យឯកជន កម្មករនិយោជិត និងគ្រឹះស្ថានបណ្ដុះបណ្ដាល ។ កម្ពុជាបានដាក់អនុវត្តគោល នយោបាយជាច្រើន ដើម្បីជំរុញការចូលរួម របស់វិស័យ ឯកជន ក្នុងការបណ្តុះបណ្តាល និងបង្កើនជំនាញ តាមរយៈការលើកទឹកចិត្ត ឱ្យមានការចូលរួមជា មួយមូលនិធិអភិវឌ្ឍជំនាញ ។

លោកក៏បានស្នើឱ្យអាស៊ានលើកទឹកចិត្តពង្រឹង យន្តការស្ថាប័នជំនាញអាស៊ាន (Regional Skills Body) ដើម្បីជំរុញចល័តភាព និងការទទួលស្គាល់ជំនាញ របស់ពលករជំនាញនៅតាមប្រទេសសមាជិក ព្រមទាំងអំពាវនាវឱ្យមានចល័តភាពអត្ថប្រយោជន៍សន្តិសុខសង្គម ដើម្បីធានាបាននូវការការពារ និងអត្ថប្រយោជន៍របស់ពលករ ទេសន្តរប្រវេសន៍៕

To Top