ក្នុងឱកាសអបអរខួបលើកទី៣៤ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស សម្តេចធិបតី ថ្លែងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាព របស់មនុស្សជាតិ និងសង្គម
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ បានសម្តែងការ អបអរសាទរ ខួបលើកទី៣៤ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាព របស់មនុស្សជាតិ និងសង្គម” ។

ក្នុងឱកាសចូលរួមអបអរសាទរ ខួបលើកទី៣៤នាពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញសង្គម បានថ្លែងថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ច ព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា ដោយមានវត្តមាសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមក ដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូង បំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧) ។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
បន្ទាប់មកក៏មាន កិច្ចព្រមព្រៀង សន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំកម្ពុជា កសាងបាន នូវសង្គមប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ហើយបង្កើត បានជារដ្ឋធម្មនុញ្ញ និង ជាពិសេសបានយាង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមកកាន់មាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ដែលបានផ្តល់ឱកាសឲ្យកម្ពុជា វិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ៕
ដោយ៖ ដារាត់| ដើមអម្ពិល
