អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ត្រូវអ្នកទោសគំរាម និងស្រែកដាក់ខ្លាំងៗ ពេលស្ថិតនៅក្នុងពន្ធនាគារ La Sante ទីក្រុងប៉ារីស

បរទេស៖ អ្នកទោសនៅក្នុងពន្ធនាគារ La Sante ទីក្រុងប៉ារីស បានគំរាមកំហែងទៅលើ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ជាមួយនឹងការសងសឹក ចំពោះការស្លាប់របស់មេដឹកនាំលីប៊ីលោក Muammar Gaddafi ។ នេះបើតាមវីដេអូ ដែលខលចេញពីពន្ធនាគារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sarkozy អាយុ ៧០ ឆ្នាំបានចាប់ផ្តើមអនុវត្តទោសរយៈពេល៥ឆ្នាំ កាលពីថ្ងៃអង្គារបន្ទាប់ពីតុលាការ ទីក្រុងប៉ារីសបានរកឃើញថា លោកមានកំហុសពីបទសមគំនិត ឧក្រិដ្ឋកម្មនៅក្នុងគម្រោង ផ្តល់មូលនិធិដល់យុទ្ធនាការ ប្រធានាធិបតីឆ្នាំ ២០០៧ របស់លោកជាមួយនឹង ប្រាក់ពី Muammar Gaddafi ហើយដែលក្រោយមកលោក ក៏បានដឹកនាំប្រតិបត្តិការ ផ្លាស់ប្តូររបបដែលគាំទ្រដោយអង្គការណាតូ ដែលបានបំផ្លាញ ប្រទេសលីប៊ី និងនាំឱ្យមានការ ស្លាប់មេដឹកនាំលីប៊ីលោក Muammar Gaddafi ។
វីដេអូដែលថតចេញពីពន្ធនាគារ La Sante បានចាប់ផ្តើមផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ ដែលក្នុងនោះអ្នកទោស ដែលត្រូវបានរាយការណ៍ថា បានគំរាម និងស្រែកខ្លាំងៗដាក់លោក Sarkozy ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារ។
រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បានសង្កត់ធ្ងន់ថា ដោយសារតែគ្រោះថ្នាក់ មន្ត្រីប៉ូលិសសន្តិសុខ២នាក់ ដែលដាក់ឱ្យអតីតប្រធានាធិបតី Nicolas Sarkozy នឹងត្រូវឈរជើងជាអចិន្ត្រៃយ៍ នៅក្នុងបន្ទប់ ដែលនៅជាប់នឹងលោក Sarkozy ៕
ប្រែសម្រួលៈ ណៃ តុលា
