ជប៉ុន បំបែកកំណត់ត្រា ពិភពនយោបាយ ដឹកនាំដោយបុរស ដោយមាននាយករដ្ឋមន្ត្រី ជាស្ត្រីជាលើកដំបូង

តូក្យូ ៖ ប្រទេសជប៉ុនបានបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកសមភាពយេនឌ័រ បន្ទាប់ពីលោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ប្រទេស ដោយបានបំបែកកញ្ចក់នៃពិភព នយោបាយដែលគ្រប់គ្រងដោយបុរស របស់ខ្លួន ប៉ុន្តែសកម្មជនមានការងឿងឆ្ងល់ថាតើអ្នកអភិរក្ស ដ៏រឹងមាំនឹងក្លាយជាល្បែងផ្លាស់ប្តូរ សម្រាប់ស្ត្រីនៅក្នុងសង្គមទាំងមូលឬយ៉ាងណា ។
អ្នកជំនាញបានឲ្យដឹងថា លោកស្រី Takaichi ដែលនឹងទៅកាន់តំណែង ជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកស្រី បានក្លាយជាស្ត្រីដំបូងគេ ដែលដឹកនាំគណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច អាចជួយបញ្ចុះបញ្ចូលស្ត្រី និងក្មេងស្រីកាន់តែច្រើនថា ពួកគេក៏អាចប្រើប្រាស់សក្តានុពលរបស់ពួកគេ បានពេញលេញ នៅក្នុងវិស័យ ដែលបានជ្រើសរើសរបស់ពួកគេផងដែរ។
ស្ត្រីវ័យ ៦៤ ឆ្នាំរូបនេះ គឺជាស្ត្រីជំនាន់មួយ ដែលបានស្វែងរកការលើកកំពស់ឋានៈ របស់ពួកគេនៅក្នុងសង្គមក្នុងរយៈពេលជាច្រើន ទសវត្សរ៍ចាប់តាំងពីប្រទេសជប៉ុន បានអនុម័តច្បាប់ ស្តីពីឱកាសស្មើគ្នាក្នុងឆ្នាំ ១៩៨៥ ។ លោកស្រីបានលើកឡើងថា លោកស្រីមើលទៅអតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោកស្រី Margaret Thatcher ដែលត្រូវបានរូបលោកស្រីហៅថា “Iron Lady” ។
លោកស្រី Naomi Koshi ដែលបានក្លាយជាអភិបាលក្រុងស្ត្រីវ័យក្មេងបំផុតរបស់ប្រទេសក្នុងឆ្នាំ ២០១២ នៅអាយុ ៣៦ ឆ្នាំបានឲ្យដឹងថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រី ជាមួយនឹងផលប៉ះពាល់យ៉ាងទូលំទូលាយលើសង្គម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
លោកស្រី Koshi បានលើកឡើងថា ប្រទេសជប៉ុនដែលមាននាយករដ្ឋមន្ត្រីជាស្ត្រីនឹង “កាត់បន្ថយឧបសគ្គផ្លូវចិត្ត” សម្រាប់ស្ត្រី និងក្មេងស្រី ដោយជួយពួកគេឱ្យមានអារម្មណ៍ថា វាជារឿងធម្មតាទេក្នុងការ “លេចធ្លោ” ក្នុងនាមជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន និងសង្គម ទោះបីជាគំរូ និងការរំពឹងទុកផ្អែកលើយេនឌ័រនៅតែមាន៕
ប្រែសម្រួល ឈូក បូរ៉ា
