ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មិនបង្ហាញ កិច្ចសហការក្នុងការស៊ើបអង្កេត យូអិនចំពោះករណី បាញ់ប្រហារ

បរទេស៖យោងតាមសេចក្តីរាយការណ៍ ពីកាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ទីបញ្ជាការអង្គការសហប្រជាជាតិដឹកនាំ ដោយសហរដ្ឋអាមេរិក កំពុងតែធ្វើការស៊ើប អង្កេត ចំពោះករណីបាញ់ប្រហារនាពេលថ្មីៗនេះ នៅខាងក្នុងតំបន់សគ្មាន យោធាកូរ៉េ ប៉ុន្តែកូរ៉េខាងជើងប្រហែលបដិសេធ មិនសហការជាមួយការស៊ើបអង្កេតនោះទេ។

ការស៊ើបអង្កេតនោះបានចាប់ផ្តើមកាលពីថ្ងៃទី០៤ ខែឧសភា ដែលចូលរួមដោយមន្ត្រីស្វីសនិងស៊ុយអេតរបស់គណៈកម្មាធិការត្រួតពិនិត្យអព្យាក្រឹត ក្នុងគោលបំណងកំណត់ថា តើសកម្មភាពរបស់យោធាកូរ៉េខាងជើង បានបំពានកិច្ចព្រមព្រៀង ឈប់បាញ់គ្នាដែរឬក៏អត់។

គួរបញ្ជាក់ថា ក្តីព្រួយបារម្ភកំពុងតែកើនឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូងថា ការអវត្តមានរបស់កិច្ចសហការរបស់កូរ៉េខាងជើង នឹងបណ្ដាលឲ្យការស៊ើបអង្កេតមិនទទួលបានភាពពេញលេញ ហើយវានៅតែមិនទាន់ច្បាស់ថា យោធាកូរ៉េខាងជើង បានបាញ់ប្រហារដោយចេតនា ឬក៏គ្រាប់នោះបានវាយប្រហារចំភាគីកូរ៉េខាងត្បូង ដោយចៃដន្យ៕ប្រែសម្រួល៖ប៉ាង កុង

To Top