ភ្នំពេញ៖ បន្ថែមពីលើការសាកសួរសុខទុក្ខជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការអបអរសាទរ ដល់អ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៦ឧសភានេះ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ឧសភាអ្នកជំងឺកូវីដ១៩ចំនួន១២២នាក់ត្រូវបានព្យាបាលជាសះស្បើយទាំងអស់គ្នាហើយពេលនេះកម្ពុជាមិនទាន់មានករណីឆ្លងថ្មីនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា”
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមអបអរសាទរក្មួយស្រី ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ នៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើង ក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ” ។
សម្ដេចតេជោសរសេរបន្ថែមថា “ពិតមែនតែយើងពុំមាន ករណីថ្មីក៏ដោយសូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យ ជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។ នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់ មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។សូមអរគុណ ដែលបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ទាំងអស់គ្នា”៕