កម្មករចង់បានប្រាក់ឈ្នួល កើនឡើងក្នុងកម្រិត ដែលអាចធានាបានទាំងជីវភាព និងស្ថិរភាពសហគ្រាស
ភ្នំពេញ ៖ កម្មករនិយោជិត នៅរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួល ប៉ុន្តែ ការកំណត់ប្រាក់ឈ្នួល គួរធ្វើឡើងក្នុងកម្រិតសមស្រប ដែលអាចជួយលើកកម្ពស់ជីវភាពកម្មករ ព្រមទាំងរក្សាស្ថិរភាពសហគ្រាស ការងារដែលមានស្រាប់ និងបង្កើតឱកាសការងារថ្មីបន្ថែមទៀត ។
លោក ដិប សុភា កម្មករធ្វើការនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា កម្មករគ្រប់រូបសុទ្ធតែចង់បានប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែការដំឡើងគួរតែពិចារណាទៅលើស្ថានភាពជាក់ស្តែង ដើម្បីឱ្យភាគីកម្មករ និងនិយោជកអាចទទួលយកបាន ។

លោកថា៖ «អ្នកណាក៏ចង់បានប្រាក់ខែថ្លៃដែរ តែក្នុងបរិបទដូចសព្វថ្ងៃនេះ យើងមើលជាក់ស្តែង សម្រាប់ខ្ញុំ ខ្ញុំចង់បានប្រាក់ខែមួយដែលសមស្រប អាចទទួលយកបានទាំងថៅកែរោងចក្រ និង កម្មករ បើសិនយើងទាមទារខ្ពស់ពេក ឱកាសការងារយើងអាចនឹងបាត់បង់ ដោយសារថៅកែដូរទីតាំងរោងចក្រ ទៅប្រទេសផ្សេង ដែលមានកម្រិតប្រាក់ខែទាបជាងយើង»។
ស្រដៀងគ្នានេះ អ្នកស្រី សំរិត សុខឃាង កម្មការិនីម្នាក់ទៀតនៅរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រាក់ឈ្នួលបច្ចុប្បន្នអាចទទួលយកបាន ខណៈការដំឡើងបន្ថែមកាន់តែល្អក្នុងការ ជួយសម្រួលជីវភាពកម្មករ ប៉ុន្តែមិនគួរដំឡើងរហូតដល់លើសសមត្ថភាព របស់សហគ្រាសក្នុងការផ្តល់ប្រាក់ឈ្នួលនោះឡើយ។
អ្នកស្រីបាននិយាយថា៖ «ប្រាក់ខែដូចសព្វថ្ងៃអាចទទួលយកបានហើយ ប៉ុន្តែបើដំឡើងថែមបន្តិចទៀតកាន់តែល្អ តែកុំឱ្យហួសសមត្ថភាពពេក រហូតដល់ថៅកែរោងចក្រមិនអាចផ្តល់ឱ្យបាន»។

ដោយឡែក លោក ប៊ូ រុំ កម្មកររោងចក្រម្នាក់ទៀត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាតុល្យភាពរវាងការកែលម្អប្រាក់ឈ្នួល និងស្ថិរភាពការងារ។ លោកយល់ថា ការដំឡើង ប្រាក់ឈ្នួលគួរតែស្ថិតក្នុងកម្រិតមួយដែលអាចឱ្យសហគ្រាសបន្តដំណើរការ រក្សាការងារចាស់ និងមានលទ្ធភាពពង្រីក អាជីវកម្មបង្កើតការងារថ្មី។
លោក ប៊ូ រុំ បានលើកឡើងថា៖ «ការដំឡើងហួសហេតុដែលធ្វើឱ្យអ្នកវិនិយោគមិនអាចទទួលយកបាន អ្នកដែលរងទុក្ខនោះគឺកម្មករនិយោជិត។ ហេតុនេះ ការដំឡើងប្រាក់ឈ្នួល សូមឱ្យឡើងក្នុងកម្រិតមួយដែលអាចធានាបានទាំងការងារចាស់ បង្កើតបានការងារថ្មី ក្រុមហ៊ុនរោងចក្រនៅតែមានស្ថេរភាព និងពង្រីកបន្ថែម»។
ការលើកឡើងរបស់បងប្អូនកម្មករនិយោជិត បង្ហាញថា ការដំឡើងប្រាក់ឈ្នួលមិនត្រឹមតែពាក់ព័ន្ធនឹងចំនួនប្រាក់ដែលកម្មករទទួលបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងសមត្ថភាព របស់សហគ្រាសក្នុងការរក្សាការងារ ការបន្តវិនិយោគ និងការបង្កើតឱកាសការងារថ្មីសម្រាប់ពលរដ្ឋទៀតផង៕
