មជ្ឈមណ្ឌលបច្ចេកវិទ្យាចិន ចោទអាមេរិកថា ទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដោយហៅករណីនេះថា «ចោរឈ្លោះគ្នា»
Global Times : មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយ នៅថ្ងៃអាទិត្យនេះ ដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ទំនងជាអ្នកនៅពីក្រោយ ការលួច Bitcoin ដ៏ធំសម្បើមមួយ ពីបណ្តុំអ្នកជីករ៉ែ (Mining pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Prince Group នៅកម្ពុជា។
មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានប្រៀបធៀបករណីនេះថា ជា «ចោរឈ្លោះគ្នា» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០២៥។
របាយការណ៍របស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានរៀបរាប់ត្រឡប់ទៅវិញ អំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែល Bitcoin ប្រមាណ ១២៧,២៧២ BTC (កាលណោះមានតម្លៃប្រហែល ៣,៥ ពាន់លានដុល្លារ បច្ចុប្បន្នមានតម្លៃជិត ១៥ពាន់លានដុល្លារ) ត្រូវបានលួចចេញពីបណ្តុំអ្នកជីករ៉ែ LuBian mining pool របស់លោក ចេន ហ្ស៊ី។ បន្ទាប់ពីហេតុការណ៍នោះ លោក ចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារ តាមរយៈប្រព័ន្ធប្លុកឆេនជាច្រើន លើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ហើយថែមទាំងបានផ្តល់រង្វាន់ទៀតផង ប៉ុន្តែគ្មានការឆ្លើយតបឡើយ។
ចំណុចដែលគួរឱ្យសង្ស័យបំផុត គឺ Bitcoin ទាំងនោះ ត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ឆ្នាំ ដែលជារឿងខុសប្លែក ពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួច បានយ៉ាងលឿន។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការ ដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពី «អង្គភាព Hacker កម្រិតរដ្ឋ»។ នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះ ត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក។
ដំណើររឿងនេះ បានឈានដល់ចំណុចកំពូល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌលើលោក ចេន ហ្ស៊ី ពីបទពាក់ព័ន្ធនឹងការបោកប្រាស់ រូបិយប័ណ្ណឌីជីថល និងបានប្រកាសរឹបអូស Bitcoin ចំនួន ១២៧,០០០ BTC។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូស ដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួច ពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិក បានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។
គួរបញ្ជាក់ថា របាយការណ៍នេះ ក៏បានរកឃើញដែរថា ការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកថា មូលនិធិទាំងអស់ មានប្រភពពីអំពើខុសច្បាប់ គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួន ដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះ រួមទាំងការជីករ៉ែដោយឯករាជ្យ និងការទូទាត់ ពីបណ្តុំអ្នកជីករ៉ែផងដែរ៕
Link: Global Times
https://www.globaltimes.cn/page/202511/1347
