ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភាពយន្តនិងសិល្បៈសោតទស្សន៍អេស្ប៉ាញ ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ

នៅថ្ងៃទី១២ ខែវិច្ឆិកា ក្នុងឱកាសដែលព្រះអង្គម្ចាស់ Felipeទី៦ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Álvarez រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានចុះហត្ថលេខាលើ«អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភាពយន្តនិងសិល្បៈសោតទស្សន៍អេស្ប៉ាញ» នៅទីក្រុងប៉េកាំង។

លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ Felipe ទី៦ ព្រះមហាក្សត្រអេស្ប៉ាញ បានយាងនិងអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនេះ។

សូមបញ្ជាក់ថា ដើម្បីពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរខាងវិស័យភាពយន្តនិងទូរទស្សន៍រវាងប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតយន្តការទាក់ទងគ្នាលើការផ្លាស់ប្តូរខ្លឹមសារផលិតកម្មវិធី ការផ្លាស់ប្តូររវាងបុគ្គលិក និងការច្នៃប្រឌិតខាងបច្ចេកវិទ្យាជាដើម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន បង្កើនការយល់ដឹងពីគ្នា និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងន័យពួតដៃគ្នារួមចំណែកដល់ការកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រកបដោយកម្លាំងនឹងធឹងខាងយុទ្ធសាស្ត្រ កម្លាំងរស់រវើកខាងការអភិវឌ្ឍ និងឥទ្ធិពលអន្តរជាតិកាន់តែខ្លាំងក្លា៕

To Top