ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២០ ដល់២៦ ឧសភា នឹងមានភ្លៀងធ្លាក់ លាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់


ភ្នំពេញ៖ កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំ ជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ ដល់ ២៦ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៩ឧសភា ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០)បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ ដែលបណ្តាលមកពី ជ្រលងសម្ពាធទាប ដណ្តប់ និងបក់លើកម្ពុជា គូបផ្សំនឹងខ្យល់មូសុងនិរតី គ្របដណ្ដប់លើកម្ពុជា ធ្វើឲ្យចាប់ពីថ្ងៃទី ២០-២៦ ខែឧសភា បានធ្វើឲ្យបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨°C និងសីតុណ្ហភាព អតិបរមា មានពី ៣៧-៣៩°c ។ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះ ផ្នែកខ្លះនៃវាលទំនាបខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ច្រើន ។

ចំណែក បណ្ដាខេត្តនៅតំបន់ផ្នូរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា មានពី ២៤-២៦°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៨°C ។ នឹងអាចមានភ្លៀងពីតិចទៅមធ្យម ។

ដោយឡែកបណ្ដាខេត្ត នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាព អប្បបរមា មានពី ២៦-២៨°C និងសីតុណ្ហភាព អតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀង ពីខ្សោយទៅមធ្យម ។
ក្រសួងបានលើកឡើងទៀតថា អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង ជាយថាហេតុ ជាពិសេស បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល ចាប់ ថ្ងៃទី ២១-២៦ ខែឧសភា៕

To Top