ព័ត៌មានជាតិ

ទស្សនៈវិភាគ «ខុសពីប្រជាជនថៃ ប្រជាជនកម្ពុជាផ្តល់តម្លៃខ្ពស់ ដល់តួនាទីអ្នកសម្របសម្រួល ឱ្យមានសន្តិភាពរវាងប្រទេសទាំងពីរ»

នៅចុងសប្តាហ៍នេះ ប្រជាពលរដ្ឋថៃមួយចំនួនបាននាំគ្នា ចុះផ្លូវធ្វើបាតុកម្មដោយប្រមូលផ្តុំគ្នានៅពីមុខស្ថានទូតម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិកក្នុងទីក្រុងបាងកក ដើម្បីប្រឆាំងជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ពួកគេបានចោទប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០២៥ ជាពិសេសគឺចោទត្រង់ទៅលោកអាន់វ៉ា អ៊ីប្រាហ៊ីម និងលោកដូណាល់ ត្រាំ ថាបានលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសថៃ និងថាមានភាពលម្អៀងទៅរកប្រទេសកម្ពុជា។

ចំពោះមុខទង្វើរបស់ប្រជាជនថៃបែបនេះ ពិភពលោកកំពុងបើកភ្នែកធំៗដោយក្តីងឿងឆ្ងល់ថា ហេតុអ្វីបានជាប្រជាជនថៃធ្វើសកម្មភាពបែបនេះ ខណៈដែលគេបានដឹងជាទូទៅថា ម៉ាឡេស៊ីនិងសហរដ្ឋអាម៉េរិក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជានិងថៃដើម្បីរក្សាសន្តិភាព រវាងប្រទេសទាំងពីរ ក៏ដូចជាថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូល។

សូមរម្លឹកថា បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងដោយមានការសម្របសសម្រួលពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសចិន។ ក្រោយមក សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពក៏ត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនៅថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡំពួរដោយមានវត្តមាន ជាសាក្សីដោយលោកដូណាល់ ត្រាំ និងលោកអាន់វ៉ា អ៊ីប្រាហ៊ីម។

ប៉ុន្តែ ទាំងកិច្ចព្រមព្រៀងឈប់បាញ់ ទាំងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលមេដឹកនាំពិភពលោកអបអរសាទរយ៉ាងខ្លាំង នោះបែរជាថ្នាក់ដឹកនាំថៃមួយចំនួន និងប្រជាពលរដ្ឋថៃ ពិសេសក្រុមជ្រុលនិយមមិនសប្បាយចិត្ត ជាមួយសមិទ្ធផលដ៏ធំធេង និងមានតម្លៃនេះឡើយ។ ពួកគេ មិនត្រឹមតែមិនផ្តល់តម្លៃ និងមិនគោរពតាមស្មារតីនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែបែរជាខឹងសម្បារ ជាមួយអ្នកជួយជ្រោមជ្រែងឱ្យមានសន្តិភាពទៅវិញ។

ដោយឡែកថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ពិតជាបាននិងកំពុងផ្តល់តម្លៃយ៉ាងខ្លាំងដល់បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលសម្រេចបាន និងបានផ្តល់តម្លៃយ៉ាងខ្លាំងដល់តួនាទីអ្នកសម្របសម្រួលឱ្យសម្រេចបានសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រនេះ ជាពិសេសតួនាទីដ៏សំខាន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។

ប្រតិកម្មខុសគ្នារវាងថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំនិងប្រជាជនថៃ ចំពោះបញ្ហាសន្តិភាពនិងតួនាទី អ្នកសម្របសម្រួលឱ្យមានសន្តិភាព មិនពិបាកយល់ឡើយ។ ដោយគ្រាន់តែពិនិត្យមើលកត្តាសត្យានុម័តមួយចំនួនដូចខាងក្រោម យើងពិតជាអាចយល់បាន៖

ទី១៖ អ្នកដែលស្រឡាញ់សន្តិភាព តែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាសន្តិភាព និងលះបង់គ្រប់យ៉ាងដើម្បីបញ្ចៀសសង្គ្រាម។ ផ្ទុយទៅវិញ អ្នកដែលស្រឡាញ់សង្គ្រាម តែងតែរកវិធីដើម្បីបញ្ឆេះសង្គ្រាម និងធ្វើយ៉ាងណាឱ្យសន្តិភាពបាត់បង់ ដើម្បីមានលេសក្នុងការធ្វើសង្គ្រាម។

ទី២៖ ជនរងគ្រោះដែលទទួលរងការរំលោភបំពាន តែងតែស្វះស្វែងរកភាគីទី៣ ដើម្បីជួយរកយុត្តិធម៌ ខណៈដែលអ្នកបំពានគេតែងបដិសេធ ការលូកដៃពីអ្នកខាងក្រៅ។

ទី៣៖ មនុស្សស្មោះត្រង់តែងបង្ហាញតម្លាភាព គ្រប់សកម្មភាពដែលខ្លួនបានធ្វើ និងត្រូវការសាក្សីដើម្បីបញ្ជាក់ការពិត ប៉ុន្តែមនុស្សដែលមានពុតត្បុត មិនចូលចិត្តធ្វើសកម្មភាពនៅចំពោះមុខសាក្សីឡើយ ពីព្រោះ ពួកគេពិបាកបន្លំ។

ចំណុចទាំងបីខាងលើអាចឆ្លុះបញ្ចាំង បានអំពីឥរិយាបថរបស់ប្រជាជនថៃ និងប្រជាជនកម្ពុជាចំពោះសន្តិភាព និងតួនាទីរបស់អ្នកសម្របសម្រួលដើម្បីសន្តិភាព ក៏ដូចជាតួនាទីរបស់សាក្សី នៅក្នុងដំណើរការអនុវត្តបទឈប់បាញ់ ក៏ដូចជាដំណើរការអនុវត្ត សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព។ ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាមានជំហរច្បាស់លាស់ ចំពោះសន្តិភាព និងតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរាល់ខ្លឹមសារដែលបានព្រមព្រៀងគ្នា។ លើសពីនេះ កម្ពុជាតែងតែគាំទ្រនិងផ្តល់តម្លៃយ៉ាងខ្លាំង ដល់តួនាទីរបស់ ភាគីទី៣ ដែលបានចូលរួមចំណែកបង្កើត ឱ្យមានសន្តិភាពរវាងកម្ពុជានិងថៃ។

ផ្ទុយទៅវិញ អ្វីដែលប្រជាជនថៃ បាននិងកំពុងប្រឆាំងជាមួយអ្នកផ្តួចផ្តើម និងជួយជ្រោមជ្រែងឱ្យមានសន្តិភាពមានន័យថា ពួកគេមិនត្រូវការសន្តិភាព មិនត្រូវការភាគីទី៣ និងមិនត្រូវការសាក្សី។ តើបំណងរបស់ពួកគេគឺជាអ្វី? គ្រប់គ្នាប្រាកដជាអាចយល់បាន៕

ដោយ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគសង្គមនិងនយោបាយ

To Top