អត្ថបទវិភាគ៖ «ដំណោះស្រាយបញ្ហាព្រំដែនដែលល្អ និងត្រឹមត្រូវបំផុត គឺការទទួលយកខ្សែព្រំដែន ដែលបន្សល់ពីអាណានិគម និងស្របតាមច្បាប់អន្តរជាតិ»
នៅលើពិភពលោកនេះ បញ្ហាព្រំដែនគឺជារឿងស្មុគស្មាញ និងពិបាកដោះស្រាយបំផុត ហើយបញ្ហានេះតែងតែក្លាយជាជម្លោះតជំនាន់ មិនងាយចប់ឡើយ ពីព្រោះភាគីនីមួយៗ តែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួន ដោយសំអាងលើហេតុផលមួយចំនួន ដូចជាការធ្លាប់កាន់កាប់ និងអាស្រ័យផលនៅទីនោះតាំងពីយូរយារ ឬមូលហេតុមួយចំនួនទៀត។
តាមពិត ការកាន់កាប់និងអាស្រ័យផលជាក់ស្តែង លើដីមិនមែនជាកត្តាកំណត់ អំពីខ្សែបន្ទាត់ព្រំដែនឡើយ ពីព្រោះប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន ត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែបន្ទាត់ព្រំដែន ពួកគេមិនបានដឹងថា ខ្សែបន្ទាត់ព្រំដែន ដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរ ស្ថិតនៅកន្លែងណា ឡើយ។ ជួនកាលខ្សែព្រំដែនមានតែនៅលើផែនទី ប៉ុន្តែមិនទាន់មានច្បាស់លាស់នៅលើផែនដីនៅឡើយ។

ជាក់ស្តែង ព្រំដែនគោករវាងកម្ពុជា-ថៃ មានប្រវែងជាង ៨០០ គ.ម មានផែនទីច្បាស់លាស់ ដែលបន្សល់ទុកដោយអាណានិគមបារាំង ហើយបារាំងក៏បានបោះបង្គោលចំនួន ៧៤ រួចហើយ។ ប៉ុន្តែ បង្គោលចំនួន ៧៤ លើបន្ទាត់ព្រំដែន ជាង ៨០០ គ.ម មិនគ្រប់គ្រាន់ទេ ក្នុងការកំណត់ឱ្យបានច្បាស់លាស់ ពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រសិនបើព្រំដែនត្រូវខណ្ឌដោយខ្សែទឹក ដូចជាទន្លេ ស្ទឹង ឬព្រែកពីធម្មជាតិ គឺជាការងាយស្រួលចំណាំ ប៉ុន្តែបើនៅទីកន្លែងដែលមិនអាច យកតាមខ្សែទឹកបាន ពិតជាពិបាកខ្លាំងណាស់ ក្នុងការដឹងថា តើខ្សែព្រំដែននៅឯណា?
ដូច្នេះ ដំណោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ គឺជាភារកិច្ចរបស់ក្រុមអ្នកជំនាញដែលត្រូវធ្វើ៖
ទី១ គឺស្វែងរកបង្គោលចាស់ទាំង ៧៤ ដែលបោះដោយបារាំង។ បង្គោលទាំងនោះ ទោះបីជាមានអ្នកលួច រំកិលក៏មិនអាចបន្លំបានដែរ ពីព្រោះការបោះបង្គោលនីមួយៗ សុទ្ធតែមាននិយាមការច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បាន។ ក្រោយរកឃើញនិងផ្ទៀងផ្ទាត់បង្គោលចាស់ទាំង ៧៤ រួចហើយ ក្រុមអ្នកជំនាញនៃប្រទេសទាំងពីរ ត្រូវសិក្សាពីទីតាំងដែលត្រូវបោះបង្គោលបន្ថែម នៅចន្លោះបង្គោលចាស់ និងបោះបង្គោលថ្មីនៅកន្លែងណាដែលមិនទាន់មាន។
ការងារទាំងអស់នេះអាចសម្រេចទៅបានដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញានិងឯកសារពាក់ព័ន្ធផ្សេងៗ ទៀតដែលមានស្រាប់ បន្សល់ទុកដោយអាណានិគមបារាំង និងច្បាប់អន្តរជាតិ។ នេះគឺជានីតិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលត្រឹមត្រូវ និងច្បាស់លាស់បំផុត និងដោយសន្តិវិធី។ ការប្រើប្រាស់កម្លាំង មិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ហើយការអះអាងដូចទាហានថៃ ដែលធ្លាប់និយាយថា ទីណាដែលកងទ័ពរបស់ខ្លួនឈានជើងជាន់ គឺជាទឹកដីរបស់ខ្លួន គឺមិនត្រឹមត្រូវឡើយ។ ក្នុងន័យនេះ ជំហររបស់កម្ពុជា ក្នុងការប្រកាន់យកភាពអត់ធ្មត់ ដើម្បីបញ្ចៀសការផ្ទុះអាវុធ និងទាញថៃទៅរកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ គឺជាជំហរដ៏ត្រឹមត្រូវបំផុត។
ជាក់ស្តែង ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង នាពេលនេះគឺជាកិច្ចការចាំបាច់ និងត្រឹមត្រូវស្របតាមអនុសញ្ញា សន្ធិសញ្ញា និង MOU ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ស្របតាមបែបបទការងារ(TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្ត តាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។
ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនទាំងនេះទៀតសោត គឺធ្វើឡើងដោយឈរលើមូលដ្ឋាន នៃឯកសារគតិយុត្ត ដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការ កំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀមឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែន រវាងឥណ្ឌូចិន-សៀមឆ្នាំ១៩១៩-១៩២០។
ជាការពិត កិច្ចការព្រំដែនគឺជាការងារបច្ចេកទេសផែនទី និងច្បាប់សុទ្ធសាធ។ ដូច្នេះ មានតែក្រុមអ្នកជំនាញទេ ដែលអាចយល់កិច្ចការនេះនិងអាចធ្វើបាន។ អ្នកនយោបាយ និងប្រជាពលរដ្ឋសាមញ្ញមិនអាច យល់ជម្រៅការងារនេះបានឡើយ។ ពួកគេនិយាយតែតាមអារម្មណ៍ និងមនោសញ្ចេតនាជាតិនិយម ឬជ្រុលនិយមតែប៉ុណ្ណោះ។ ដូច្នេះ ការងារនេះគួរទុកឱ្យក្រុមអ្នកជំនាញ របស់រាជរដ្ឋាភិបាលធ្វើ ដោយយើងជាប្រជាពលរដ្ឋរង់ចាំគាំទ្រពីក្រោយ។ ទោះជាយើងចង់ផ្តល់មតិយោបល់អ្វី ក៏គួរតែមានការយល់ដឹងពីរឿងនេះឱ្យបានច្បាស់លាស់ជាមុន។ អ្វីដែលយើងគួរគិតគឺ គ្មានរដ្ឋាភិបាលណា ឬមេដឹកនាំណា ចង់បាត់បង់ទឹកដីទេ ពិសេសនៅក្រោមអំណាចនៃការដឹកនាំរបស់ខ្លួន មេដឹកនាំមានការទទួលខុសត្រូវចំពោះ មុខប្រវត្តិសាស្ត្រ និងចំពោះមុខប្រជាជាតិខ្មែរទាំងមូល។
អ្វីដែលអាចកើតមានចំពោះមុខ គឺច្បាស់ណាស់ថា ក្រោយពេលវាស់វែងនិងការបោះបង្គោលបណ្តោះអាសន្ន រួច ការកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ គឺច្បាស់ជាមានកន្លែងខ្លះដូចធ្មេញរណារ ដែលប្រជាជន នៃប្រទេសទាំង ២ ធ្លាប់កាន់កាប់ និងអាស្រ័យផលកន្លងមក ហើយបញ្ហានេះជារឿងដែលមិនអាចចៀសវាងបាន ទោះជានៅប្រទេសណាក៏ដោយ ជាពិសេសប្រទេសដែលធ្លាប់នៅក្រោម អាណាព្យាបាលរបស់ បរទេស។ ហេតុដូច្នេះហើយ បញ្ហានេះច្បាស់ជាក្រុមជ្រុលនិយមទាំងសងខាង លើកមកធ្វើជាប្រធានបទដើម្បីបញ្ឆេះបញ្ហាជាមិនខាន។ ខាងក្រុមជ្រុលនិយមខ្មែរនឹងចោទថា រដ្ឋាភិបាល ធ្វើឱ្យបាត់ដីទៅខាងថៃ ខណៈដែលក្រុមជ្រុលនិយមថៃ ក៏និយាយដូចគ្នាថា រដ្ឋាភិបាលថៃធ្វើឱ្យបាត់ដីមកខាងកម្ពុជាដោយសំអាង លើភាពជាម្ចាស់កម្មសិទ្ធិធ្លាប់កាន់កាប់ពីមុន។ ប៉ុន្តែតាមពិត ការកាន់កាប់និងអាស្រ័យផលកាលពីមុន មិនមែនជាការកំណត់ពីព្រំដែនរវាងរដ្ឋនិងរដ្ឋបានទេ ពោលគឺ ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនរវាងរដ្ឋនិងរដ្ឋ ដែលមានសន្ធិសញ្ញា និងមានបង្គោលព្រំដែនរួមគ្នា – ព្រំដែនមិនមែនមានន័យថា «ប្រជាជនរស់នៅដល់ណា ព្រំដែនទៅដល់ទីនោះទេ – មិនមែនប្រជាជនអាស្រ័យផលដល់ណា ព្រំដែនទៅដល់នោះទេ – មិនមែនដោះមីនដល់ណា ព្រំដែនដល់ទីនោះទេ។
សរុបមកវិញ ដំណោះស្រាយបញ្ហាព្រំដែនដែលល្អ និងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែន ដែលបន្សល់ពីអាណានិគម និងស្របតាមច្បាប់អន្តរជាតិ។ នេះជាវិធីសាស្ត្រតែមួយគត់ ក្នុងការដោះស្រាយបញ្ហាព្រំដែន ការនិយាយពីខាត ចំណេញ ឬការចោទប្រកាន់លើរដ្ឋាភិបាល ថាធ្វើឱ្យបាត់ដីមិនបានផ្តល់ ប្រយោជន៍អ្វីទេ ផ្ទុយទៅវិញ វាគឺជាវេហាសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការ ដោះស្រាយបញ្ហាព្រំដែន និងបង្កើតជម្លោះច្បាំងគ្នាតកូនចៅមិនចប់ឡើយ។ ដូច្នេះ សូមអ្នកនយោបាយ និងប្រជាពលរដ្ឋពិចារណា រឿងនេះតាមការគួរ ព្រោះនេះជាការខិតខំរបស់រដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវ សម្រាប់រយៈពេលវែង និងជួយឱ្យបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យ និងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋ អាចរស់នៅប្រកបរបរចិញ្ចឹមជីវិត ជាប្រក្រតីឡើងវិញបាន ចៀសវាងអូសបន្លាយបញ្ហា ឱ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។
ម៉្យាងវិញទៀត ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបាន តាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរប៉ុណ្ណោះ ទើបធានា បាននូវលទ្ធផលដូចការចង់បានខាងលើ ហើយប្រជាពលរដ្ឋបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត អាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត បានដោយគ្មានការព្រួយបារម្ភដូចពេលនេះ៕
អត្ថបទដោយ៖ វង្ស មករា សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គមនយោបាយ

