សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស និទ្ទេស AនិងB តែងទទួលបានរង្វាន់ ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សា ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
ភ្នំពេញ៖ រយៈពេល១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រែកកំពឹស កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីប្រគល់រង្វាន់ លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន១នាក់ និងនិទ្ទេសB ចំនួន១០នាក់ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារ គណៈប្រតិភូអមដំណើរ ក្រុមការងារភូមិ-សង្កាត់ព្រែកកំពឹស យុវជនសង្កាត់ លោកនាយក-នាយករងវិទ្យាល័យ និងមាតា បិតា អាណាព្យាបាលសិស្សជាច្រើននាក់។

លោក រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលសិក្សា របស់ក្មួយៗ ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការអបអរសាទរ ចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ដូច្នេះដើម្បីចូលរួមលើកទឹកចិត្ត ឯកឧត្តម រ័ត្ន ស្រ៊ាង បានធ្វើការផ្តល់ជូននូវរង្វាន់ ដូចរាល់ឆ្នាំតាមការសន្យា ដោយសិស្សនិទ្ទេសA ឆ្នាំនេះ មានឈ្មោះ ជឿន សំណាង ភេទប្រុស ទទួលបានម៉ូតូហុងដា វ៉េវ១១០ ស៊ែរីឆ្នាំ២០២៥ ចំនួន០១គ្រឿង ថវិកា២០ម៉ឺនរៀល និងនិទ្ទេសB ចំនួន១០នាក់ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា២០ម៉ឺនរៀល។
លោក រ័ត្ន ស្រ៊ាង មានប្រសាសន៍បន្ថែមថា ចាប់តាំងពីលោកបានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ និងបានចុះជួយការងារមូលដ្ឋាន ក្នុងសង្កាត់ព្រែកកំពឹសរហូតមក លោកពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅ ជាមួយគ្រួសារអ្នកព្រែកកំពឹស ស្ទើរដូចសាច់ញាតិទៅហើយ ដោយកន្លងមក លោកក៏បានទទួលផ្តល់អំណោយ ជាប្រចាំរាល់ខែ មាន អង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ចាស់ជរាគ្មានទីពឹង ក៏ដូចជាទុរគត់ជន ប្រមាណជាង២០គ្រួសារ មកដល់ឥឡូវ រហូតពួកគាត់ខ្លះក៏លែងនៅ រីឯចំពោះបងប្អូន ដែលខ្វះលទ្ធភាពហើយឈឺស្កាត់ លោក តែងបញ្ជូនគ្រូពេទ្យអង្គភាព ឲ្យទៅជួយពិនិត្យព្យាបាល ជូនទៅមន្ទីរពេទ្យ និងជួយសម្រួលចេញថ្លៃព្យាបាលឲ្យពួកគាត់ ដោយឡែកគ្រប់គ្រួសារ ដែលមានពិធីបុណ្យសព លោកតែងចាត់ក្រុមការងារ ឲ្យទៅចូលរួមរំលែកទុក្ខនិងចូលរួមថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ក្នុងកម្មវិធីបុណ្យផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បង្កើតបរិយាកាស ជួបជុំបរិភោគអាហាររួមគ្នា ជាមួយអ្នកភូមិនិងមានកម្មវិធីកម្សាន្តសប្បាយ ជាមួយពួកគាត់ជាញឹកញាប់ ទាំងនេះហើយដែលលោកលើកឡើងថា ពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅ ជាមួយអ្នកភូមិក្នុងសង្កាត់ព្រែកកំពឹស ស្ទើរដូចសាច់ញាតិអញ្ចឹង៕

















