ព័ត៌មានជាតិ

សម្តេចតេជោ៖ ទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រជាជនខ្មែរ ចងចាំមិនអាចបំភ្លេចបាន

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា ថ្ងៃទី២០ ខែឧសភា នេះ ជាថ្ងៃទិវាជាតិ នៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជា គ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។

សម្តេចបន្តថា ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់ បង់ជីវិត នៅក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឲ្យធ្វើការដូចសត្វធាតុជាដើម។ នេះជាប្រសាសន៍ របស់សម្តេចរៀបរាប់ឲ្យយុវជនខ្មែរ បច្ចុប្បន្នបានដឹង។

បន្ថែមពីលើកនេះទៀត សម្តេចតេជោបន្តថា មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើត របស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ សម្តេចស្នើឲ្យចូលរួមថែរក្សាការពារ សន្តិភាពបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ កាន់តែរីកចម្រើនទៅមុខទៀត ៕

To Top