ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា តាម នាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច ដែលមិនច្បាស់ថា ១១ចំណុចនេះ នៅកន្លែងណាខ្លះ? ដើម្បីងាយស្រួល កុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលា ដើម្បីជម្លៀសប្រជាជនចេញ មកតំបន់សុវត្តិភាព ។ ល្ងាចម្សឹលម៉ិញយើងបានតបតបន្ថែម ដោយយប់ម៉ិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា និងប្រើកម្លាំងវាយយក ១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួល កុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែល ខ្មាំងវាយចូល»។

សម្ដេចតេជោ បន្ដថា «យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំ ជាមួយអាវុធគ្រប់ប្រភេទ ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេ មិនអាចទួលលេណដ្ឋាន មកបានទេហើយក្បាលពួកគេ ក៏មិនបានប៉ានដែកដែរ ។ ស្ថានភាពនេះផ្តល់ប្រៀប ឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំង រស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់ ។ សម្រាប់មេទ័ពថៃ បានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញ សមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជា សម្រាប់រយៈពេលវែង»។

សម្ដេចតេជោ បន្ថែមថា «សំដីលោកមេទ័ពខ្លាំង ជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ព នៅលើពិភពលោកនេះទៅទៀត ។ យើងពិតជាមិនអង្គុយអោបដៃ ឲ្យអស់លោកបំផ្លាញ តាមចិត្តចង់របស់អស់លោកទេ ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួន ដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួន កាលពីខែកក្កដា ពួកគេចោទយើងថា ល្មោភសង្រ្គាម ។ ពេលយើងអត់ធ្មត់គោពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថា ខ្លាចថៃ មិនហ៊ានវាយឬកាត់ដីឲ្យថៃ ដើម្បីដូរយកសន្តិភាព»។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា «ពេលនេះយើងវាយដើម្បីការពារខ្លួនទៀត ហើយតើពួកគេនឹងនិយាយថា យ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបត ដើម្បីការពារទឹកដីយើង»៕

To Top