ព័ត៌មានជាតិ

លោក កឹម សុខា៖ ទូតជប៉ុនសង្ឃឹមថា ជំនួបរវាងលោក និងសម្តេចតេជោនឹង អាចនាំផលវិជ្ជមានដល់ពលរដ្ឋ

ភ្នំពេញ៖ លោក កឹម សុខា បានលើកឡើងថា លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹម និងស្វាគមន៍ចំពោះជំនួបរវាងលោក និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ ថាអាច នឹងនាំផលវិជ្ជមានសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ការលើកឡើងរបស់លោក កឹម សុខា ក្នុងឱកាសលោកជួបលោក Masahiro Mikami នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់លោក។

បើតាមលោក កឹម សុខា “ក្នុងឱកាសនោះ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនបានសំដែងនូវការស្វាគមន៍ពីជំនួបថ្មីៗនេះ រវាងសម្ដេចតេជោ ហ៊ុន សែន និងរូបខ្ញុំ ។ ដោយគាត់សង្ឃឹមថាជំនួបនេះ មានសារសំខាន់ នឹងអាច នាំមកនូវលទ្ធផលជាវិជ្ជមាន សម្រាប់ប្រជាពលរដ្ឋខ្មែរ” ។

លោក កឹម សុខា ឲ្យដឹងទៀតថា ក្នុងការសំណេះ សំណាលជាង២ម៉ោងនោះ ក៏បានផ្លាស់ប្តូរទស្សនៈ និងស្វែងយល់គ្នាអំពីចំណងមិត្តភាពកម្ពុជា-ជប៉ុន ដំណើរការប្រជាធិបតេយ្យ វិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសអំពីផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងនិងក្រោយពេលរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ជំនួបរវាងសម្តេចតេជោនិងលោក កឹម សុខា ធ្វើឡើងប្រមាណជា៥០នាទី ក្នុងឱកាសលោក កឹម សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធម្តាយក្មេក សម្តេចតេជោ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០៕

To Top