ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេសរួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និង អារម្មណ៍ជ្រះថ្លា។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ឧសភានេះថា”ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរដែលបានបញ្ចប់នូវ ពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និង អារម្មណ៍ជ្រះថ្លា ហេីយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ “។
សម្ដេចតេជោ បានសរសេរបន្ថែមថា” ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្ស ប្រជាជនកម្ពុជា តាំងពីដើម តរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល ។ ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បេីយអស់ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ ។
ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ ទទួលបាននូវសេចក្កីសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និង អាណិត ស្រឡាញ់ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះទទួលយកនូវកុសលផលបុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូន បានប្រតិបត្តិកុំបីអាក់ខានឡើយ “៕