បទវិភាគ៖ ខ្សែបន្ទាត់ក្រហមសន្តិភាពមិនអនុញ្ញាតឱ្យរំលោភបំពានបានឡើយ វិធានការគ្រប់គ្រងរបស់ចិនគឺត្រឹមត្រូវ និងសមហេតុផល
ចាប់តាំងពីប្រទេសចិនចាត់វិធានការបង្កើនការគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាចំពោះប្រទេសជប៉ុនតាមផ្លូវច្បាប់នៅពេលថ្មីៗកន្លងទៅនេះមក ភាគីជប៉ុនមិនត្រឹមតែមិនយកចិត្តទុកដាក់ដល់ដើមចមនៃបញ្ហាប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបានមួលបង្កាច់ភាគីចិនថា“បង្កការគំរាមកំហែងខាងសេដ្ឋកិច្ច” ហើយលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនក៏ទាមទារដោយគ្មានហេតុផលឱ្យភាគីចិនលុបចោលវិធានការគ្រប់គ្រងការនាំចេញនេះដែរ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញយ៉ាងម៉ឺងម៉ាត់នូវ“ការប្រឆាំងយ៉ាងដាច់អហង្កានិងមិនអាចទទួលយកបាន”កាលពីថ្ងៃទី១៥ខែមករា ។

បើចង់ស្វែងយល់ពីភាពត្រឹមត្រូវនិងភាពចាំបាច់នៃទង្វើរបស់ភាគីចិន ជាបឋមគួរមើលច្បាស់លើបញ្ហាចំនួនពីរ៖
ទីមួយ តើ“ទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធា”ជាអ្វី? យោងតាមការកំណត់នៃ«លក្ខន្តិកៈគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន»ឱ្យដឹងថា គឺជាទំនិញដែលអាចប្រើប្រាស់ក្នុងវិស័យស៊ីវិល ហើយក៏អាចប្រើប្រាស់ក្នុងវិស័យយោធាឬផ្តល់ជំនួយដល់ការលើកកម្ពស់សមត្ថភាពយោធា ជាពិសេស គឺទំនិញ បច្ចេកទេសនិងសេវាកម្មដែលអាចប្រើប្រាស់ក្នុងការរចនា អភិវឌ្ឍ ផលិតឬប្រើប្រាស់អាវុធប្រល័យលោកទ្រង់ទ្រាយធំព្រមទាំងឧបករណ៍ដឹកជញ្ជូនអាវុធបែបនេះ ដែលបូករួមទាំងទិន្នន័យដូចជាឯកសារបច្ចេកទេសពាក់ព័ន្ធជាដើម ។
ទីពីរ ហេតុអ្វីបានជាចិននឹងចាត់វិធានការ ដើម្បីបង្កើនការគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាចំពោះប្រទេសជប៉ុន? ដូចអ្នកផងបានជ្រាបស្រាប់ហើយថា ចាប់តាំងពីឡើងចូលកាន់មុខតំណែងមក រដ្ឋាភិបាលលោកស្រី Sanae Takaichi បានជ្រៀតជ្រែកយ៉ាងគឃ្លើនចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបញ្ចេញការគំរាមកំហែងដោយកម្លាំងបាយមកលើភាគីចិន ។ ក្រៅពីនេះ ក៏បានជំរុញយ៉ាងសកម្មនូវការធ្វើវិសោធនកម្ម “ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ” ឥស្សរជនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រីក៏បានបញ្ចេញពាក្យសម្តីស្តីពីការមានអាវុធនុយក្លេអ៊ែរជាសាធារណៈផងដែរ ។
និន្នាការដ៏មានគ្រោះថ្នាក់មួយចំនួនទាំងនេះបានលាតត្រដាងពីមហិច្ឆតារបស់លោកស្រី Sanae Takaichi និងកម្លាំងស្តាំនិយមរបស់ជប៉ុនដែលចង់បំបែកការជាប់ដៃជាប់ជើងពីរដ្ឋធម្មនុញ្ញសន្តិភាព និងពន្លឿន “ការធ្វើយោធូបនីយកម្មម្តងទៀត” ។
ចាប់ពីរដ្ឋាភិបាលលោកស្រី Sanae Takaichi ចូលកាន់តំណែងមក ជប៉ុនបានពន្លឿនការជំរុញការបង្កើនកងទ័ពនិងកម្លាំងយោធា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ក្រោយពីសង្គ្រាមលោកលើកទីពីរនិងសន្តិសុខក្នុងតំបន់ ។
ជាដំបូងសូមមើលពីវិស័យថវិកាការពារជាតិ ។ នៅឆ្នាំសារពើពន្ធ២០២៦ ថវិកាការពារជាតិរបស់ជប៉ុនបានកើនឡើងដល់លើសពី៩ទ្រីលានប្រាក់យ៉េនជប៉ុន ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ និងសម្រេចបាននូវកំណើនក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះមិនមែនផ្តោតលើការការពារសន្តិសុខជប៉ុននោះទេ ប៉ុន្តែគឺផ្តោតសំខាន់លើអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ។
ជាកិច្ចបន្ទាប់សូមមើលពីទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ជប៉ុនមានផែនការធ្វើវិសោធនកម្ម “ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ” មុនចុងឆ្នាំ២០២៦ ទិសដៅជាស្នូលគឺ ឆ្លងតាមរយៈការបង្កើនកម្លាំងយោធា នាំឱ្យជប៉ុនមានអ្វីដែលហៅថា “សមត្ថភាពវាយតបត”។ ឆ្លងតាមរយៈការបង្កើនថវិកាការពារជាតិជាច្រើន ដើម្បីផ្តល់ថវិកាគាំទ្រក្នុងការពង្រីកសព្វាវុធជាបន្តបន្ទាប់ ។ ឆ្លងតាមរយៈការបន្ធូរបន្ថយការដាក់កំហិតទៅលើការនាំចេញអាវុធ ប៉ុនប៉ងវាយលុកក្នុងទីផ្សារពាណិជ្ជកម្មសព្វាវុធអន្តរជាតិ ។ ហើយតាមរយៈការធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ” ដើម្បីលុបចោលការដាក់កំហិតលើការនាំចូលអាវុធនុយក្លេអ៊ែរ ។
ក្រៅពីនេះ មហិច្ឆតាក្នុងការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ជប៉ុនបាននាំឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ។ ពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយស្តាំនិយមរបស់ជប៉ុនបានជំរុញយ៉ាងសកម្មនូវទស្សនទានសហប្រតិបត្តិការស្តីពីការចែករំលែកអាវុធនុយក្លេអ៊ែរជាមួយប្រទេសដទៃ ដើម្បីធ្វើឱ្យខ្សែបន្ទាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនច្បាស់លាស់ថែមមួយកម្រិតទៀត ក៏ដូចជាជំរុញឱ្យតំបន់នេះដើរខិតទៅជិតមាត់ជ្រោះនៃហានិភ័យនុយក្លេអ៊ែរ ។
មនុស្សជាតិគួរក្រេបយកមេរៀនប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរ ហើយមិនត្រូវជាន់ដានកំហុសម្តងទៀតទេ ។ មានតែសាមគ្គីគ្នាជាធ្លុងមួយ បង្កើតទៅជាកម្លាំងរួម សហគមន៍អន្តរជាតិទើបអាចបង្កើតខឿនការពារដ៏រឹងមាំសម្រាប់ទប់ស្កាត់ការរស់ឡើងវិញនៃយោធានិយមរបស់ជប៉ុន ក៏ដូចជាការពារសន្តិភាពយូរអង្វែងនិងសន្តិសុខជាទូទៅ ៕
