ព័ត៌មានជាតិ

ការលក់បារី អេឡិចត្រូនិក នៅលើហ្វេសប៊ុកនៅតែមាន ទោះបី អាជ្ញាធរ ហាមឃាត់ក៏ដោយ

ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ទោះបីជាអាជ្ញាធរហាមឃាត់ យ៉ាងណាក៏ដោយ នៅតែមានការផ្សព្វផ្សាយ លក់បារីអេឡិចត្រូនិក (Vape) នៅលើបណ្ដាញ សង្គមជាច្រើន ដោយប្រើឈ្មោះថា ម៉ាស៊ីនផ្ដាច់បារី។

យោងតាមសេចក្ដីជូនដំណឹង របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារតែការប្រើប្រាស់ បារីអេឡិចត្រូនិក បង្កឲ្យគ្រោះ ថ្នាក់ធ្ងន់ធ្ងរដល់សួត ជាពិសេស បើសិនអ្នកប្រើប្រាស់ បារីអេឡិចត្រូនិក ឆ្លងជំងឺ កូវិដ-១៩ គាត់នឹងប្រឈម នឹងគ្រោះថ្នាក់កាន់តែខ្ពស់ដែរ។

អង្គការចលនា ដើម្បីសុខភាពកម្ពុជា បញ្ជាក់ថា «បារីអេឡិចត្រូនិក និងSisha ត្រូវបាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហាមឃាត់មិនឲ្យមានការលក់ និងមិនឲ្យមាន ការប្រើប្រាស់ឡើយ។ ទោះជាមានការហាមឃាត់បែបនេះក្តី យើងនៅតែឃើញមានការ ផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក នៅលើបណ្ដាញសង្គមជាច្រើន ដោយប្រើឈ្មោះថា ម៉ាស៊ីនផ្ដាច់បារី»។

អង្គការសុខភាពកម្ពុជា បានបន្ដថា ក្រោមហេតុផលនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែរឹតបន្តឹង វិធានការហាមឃាត់ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិក ឲ្យបានហ្មត់ចត ដើម្បីទប់ ស្កាត់ការរីករាលដាល កូវីដ-១៩ និងជំងឺផ្សេងៗ ជាពិសេស ក្នុងចំណោមសិស្សសាលា វ័យក្មេង។

សូមរំលឹកថា យោងតាមមជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំងជំងឺ របស់អាមេរិក (CDC) បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាល ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺសួតទាក់ទង នឹងការប្រើបារីអេឡិចត្រូនិក (Vape) នៅអាមេរិក មានប្រមាណ ២៨០០ករណី ក្នុងនោះ ករណី ស្លាប់បង្កដោយការ ប្រើប្រាស់បារី អេឡិចត្រូនិក (Vape) មាន៦៨ករណី៕ ដោយ ៖ អេង ប៊ូឆេង

To Top