បរទេស៖ សង្វៀនប្រដាល់ កន្លែងម៉ាស្សា ស្ប៉ា រោងកុន កន្លែងសន្និបាត និងសាលាបង្ហាត់បង្រៀន ស្ថិតក្នុងចំណោមប្រភេទអាជីវកម្ម និងសកម្មភាព ដែលមានហានិភ័យមធ្យម ដែលរំពឹងថា នឹងត្រូវបានអនុញ្ញាត ឱ្យបើកឡើងវិញ សម្រាប់ការបិទប្រទេស ដោយសារមេរោគ Covid-19 ដំណាក់កាលទីបី នៅខែក្រោយនេះ ទោះយ៉ាងណា ហាងស្រា បារ និងកន្លែងកម្សាន្តរាត្រី នឹងនៅតែបិទទ្វារដដែល។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Tanarak Plipat អគ្គនាយករង នៃនាយកដ្ឋានត្រួតពិនិត្យជំងឺ បាននិយាយកាលពីថ្ងៃអាទិត្យថា សកម្មភាពនិងអាជីវកម្ម ដែលមានហានិភ័យកម្រិតមធ្យម នៃការចម្លង Covid-19 ឬប្រភេទដែលគេហៅថា “លឿង” ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ដំណាក់កាលបន្ទាប់ នៃការបន្ធូរបន្ថយ។
វេជ្ជបណ្ឌិត Tanarak បន្ថែមថា “ មជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 ត្រូវបានគេរំពឹងថា នឹងប្រកាសពីបញ្ជីនេះ ប្រហែលជានៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ខាងមុខនេះ” ៕ ប្រែសម្រួលៈ ណៃ តុលា