ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំង បានអំពាវនាវ ដល់ប្រទេសជាមិត្តរបស់កម្ពុជា សូមបន្តជួយដល់កម្ពុជា លើវិស័យនានាដូចជា វិស័យសេដ្ឋកិច្ចនិងសង្គម នៅពេលអនាគត ជាពិសេសបញ្ហា ដែលប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៥ ឧសភានេះ លោក កឹម សរសេរបានលើកឡើងថា “ខ្ញុំសូមអំពាវនាវ ដល់ប្រទេសជាមិត្តរបស់កម្ពុជា សូមបន្តជួយដល់កម្ពុជា លើវិស័យនានា ជាពិសេសបញ្ហា ដែលប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គមនៅពេលអនាគត ដែលចាំបាច់តម្រូវ ឲ្យមានការរួបរួមគ្នា ដោះស្រាយបញ្ហាប្រឈមទាំងនោះ”។
បន្ថែមពីនេះ លោក កឹម សុខា ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋខ្មែរ និងឥស្សរជន ក៏ដូចជាអង្គទូត តំណាងប្រទេស ប្រជាធិបតេយ្យជឿនលឿននានា ដែលបាន ជួបសួរសុខទុក្ខ សន្ទនាគ្នា ប្រកបដោយកិត្តិយស ទោះបីលោក កំពុងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ ជាងនេះទៅទៀត អរគុណដល់ប្រទេសជាមិត្ត ដែលបានជួយដល់ប្រទេសកម្ពុជា ដោយសុទ្ធចិត្ត កន្លងមកនិងបច្ចុប្បន្ន ស្របតាមគុណតម្លៃ នៃមនុស្សជាតិ។
អតីតមេបក្សប្រឆាំងរូបនេះ បញ្ជាក់ថា « ជាទូទៅប្រទេស ឬអ្នកទាំងឡាយណា ដែលស្គាល់ នូវតម្លៃពិតរបស់មនុស្ស គេធ្វើការវាយតម្លៃដោយផ្អែកលើ ”គុណតម្លៃ” ដែលមិនអាស្រ័យទៅលើ តែមុខដំណែង គោរម្យងារ ឬទ្រព្យសម្បត្តិ ដែលជាសម្បកក្រៅនោះទេ។ “តម្លៃដែលគ្មាន គុណតម្លៃ មិនមែនជាតម្លៃពិតឡើយ”។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋខ្មែរ និងឥស្សរជន ក៏ដូចជាអង្គទូត តំណាងប្រទេសប្រជាធិបតេយ្យ ជឿនលឿននានា ដែលបានទទួលស្គាល់នូវ ”គុណតម្លៃ” របស់ខ្ញុំ ដោយផ្តល់ឱកាសឲ្យខ្ញុំ ទទួលស្វាគមន៍ ជួបសួរសុខទុក្ខ សន្ទនាគ្នា ប្រកបដោយកិត្តិយស ទោះបីខ្ញុំ កំពុងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។
ខ្ញុំសូមអរគុណ ដល់ប្រទេសជាមិត្ត ដែលបានជួយដល់ប្រទេសកម្ពុជា ដោយសុទ្ធចិត្ត កន្លងមកនិងបច្ចុប្បន្ន ស្របតាមគុណតម្លៃនៃមនុស្សជាតិ»៕