ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មការអឺរ៉ុប ជំរុញឱ្យគោរពអធិបតេយ្យភាព Greenland និងដាណឺម៉ាក

ដាវ៉ូស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា អធិបតេយ្យភាពរបស់ Greenland និងដាណឺម៉ាក ត្រូវតែគោរព “យ៉ាងច្បាស់លាស់” ដោយសង្កត់ធ្ងន់ថាបញ្ហានេះ “មានសារៈសំខាន់បំផុត” ចំពោះទំនាក់ទំនងអន្តរអាត្លង់ទិក ខណៈដែលការគំរាមកំហែងពន្ធគយរបស់សហរដ្ឋអាមេរិក បន្ថែមភាពតានតឹងថ្មីដល់ទំនាក់ទំនងដែលមានស្រាប់។

លោកស្រី Von der Leyen បានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបានជួបជាមួយគណៈប្រតិភូពីរគណបក្សមកពីសភាសហរដ្ឋអាមេរិកនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស។ លោកស្រីបានសរសេរថា “ខ្ញុំក៏បានលើកឡើងពីតម្រូវការក្នុងការគោរពអធិបតេយ្យភាពរបស់ Greenland និងដាណឺម៉ាក យ៉ាងច្បាស់លាស់”។

ស្តីពីពាណិជ្ជកម្ម លោកស្រី von der Leyen បានប្រឆាំងនឹងវិធីសាស្រ្តពន្ធគយ ដោយហៅពាណិជ្ជកម្ម និងការវិនិយោគអន្តរអាត្លង់ទិកថាជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយនិយាយថា ពន្ធគយ គឺផ្ទុយនឹងផលប្រយោជន៍រួម នេបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកត់សម្គាល់របស់លោកស្រីបានកើតឡើង ខណៈដែលភាពតានតឹងបានកើនឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដាក់ពន្ធថ្មីលើក្រុមប្រទេសអឺរ៉ុប ដែលគាំទ្រកោះ Greenland ដែលជំរុញឱ្យមន្ត្រីសហភាពអឺរ៉ុប និងរដ្ឋជាសមាជិកពិចារណាលើការឆ្លើយតបដែលអាចធ្វើទៅបាន ខណៈពេលដែលរក្សាបណ្តាញការទូតឱ្យបើកចំហ។

មុននេះ លោកស្រី von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុបបានឈរនៅក្នុងសាមគ្គីភាពពេញលេញជាមួយប្រទេសដាណឺម៉ាក និង Greenland ហើយបានព្រមានថា ពន្ធនឹងធ្វើឱ្យខូចទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងប្រឈមនឹងហានិភ័យនៃ “ការធ្លាក់ចុះដ៏គ្រោះថ្នាក់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top