ភ្នំពេញ៖ កម្មករ-កម្មការិនីជាង ៣០០នាក់ បម្រើការងារ នៅរោងចក្រកាត់ដេរ ឃែនធឺរេនដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវវេងស្រេង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បាននាំគ្នាការតវ៉ាមិនព្រមចូលធ្វើការ ដោយសារតែក្រុមហ៊ុន បើកប្រាក់ឈ្នួលឲ្យមិនគ្រប់ចំនួន និងតែងតែមានភាពយឺតយ៉ាវ ។ នេះបើយោងតាមហ្វេសប៊ុកសម្ព័ន្ធសហជីពចលនាកម្មករ ។
ប្រភពពីតំណាងសហជីពចលនាកម្មករដែលបម្រើការ ងារនៅរោងចក្រខាងលើ បានឲ្យដឹងថា សម្រាប់កម្មករ ដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបានតែ ១២ដុល្លារប៉ុណ្ណោះ ។ ចំណែកកម្មករ ដែលធ្វើការរយៈពេល១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ៣០ដុល្លារប៉ុណ្ណោះ ។ តួលេខនេះមិនគ្រប់ទៅតាមប្រាក់ឈ្នួលដែលពួកគាត់ត្រូវទទួលបាន នោះទេ។
ប៉ុន្មានខែចុងក្រោយនេះ ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួលឲ្យកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ា មិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការ បើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។
សូមជម្រាបថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករសរុបចំនួន ៩៩៥នាក់ ៕ ដោយ ខា ដា