ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី បញ្ជូនទៅប្រទេសលីប៊ី

បរទេស៖ ទីបញ្ជាការ​​ ប្រចាំនៅតំបន់អាហ្វ្រិក​ របស់សហរដ្ឋអាមេរិក បានរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ទើបបានបញ្ជូន យន្តហោះចម្បាំងយោធាមួយគ្រឿង ទៅប្រទេសលីប៊ី ដើម្បីគាំទ្រ ដល់ក្រុមចុះកុងត្រាយោធាឯកជន ដែលឧបត្ថម្ភដោយរុស្ស៊ីនៅទីនោះ។

យោងតាម ទីបញ្ជាការនៅអាហ្វ្រិក របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះយោធារុស្ស៊ីនោះ ទំនងជានឹងផ្តល់នូវការគាំទ្រ ដែនអាកាសនិងការបាញ់វាយលុក សម្រាប់ក្រុមចុះកុងត្រា Wagner Group ដែលកំពុងតែគាំទ្រ ការប្រយុទ្ធរបស់ងទ័ពជាតិលីប៊ី ប្រឆាំងនឹងរដ្ឋាភិបាល នៃកិច្ចព្រមព្រៀងជាតិ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោកឧត្តមសេនីយ៍ Stephen Townsend ជាមេបញ្ជាការនៅអាហ្វ្រិក របស់អាមេរិក បាននិយាយប្រាប់ថា “រុស្ស៊ីច្បាស់ណាស់ កំពុងតែព្យាយាម ពង្រីក​​ជំហរវត្តមានយោធា នៅក្នុងប្រទេសលីប៊ី ហើយដូចដែលខ្ញុំបានឃើញពួកគេ ធ្វើនៅក្នុងប្រទេសស៊ីរី គឺពួកគេ កំពុងតែពង្រីកវត្តមានយោធា របស់ពួកគេ នៅក្នុងតំបន់អាហ្វ្រិក ដោយប្រើប្រាស់ ក្រុមទាហានស៊ីឈ្នួល គាំទ្រដោយរដ្ឋាភិបាល ដូចជាក្រុម Wagner ជាដើម”៕ ប្រែសម្រួល៖ប៉ាង កុង

To Top