លំហូរអ្នកដំណើរ កកកុញក្នុងកំឡុងពេលបុណ្យនិទាឃរដូវ៖ ការឆ្លុះបញ្ចាំងពីកម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន
ជារៀងរាល់ឆ្នាំ នៅចន្លោះមុននិងក្រោយបុណ្យចូលឆ្នាំចិនប្រមាណជា៤០ ថ្ងៃ នឹងមានព្រឹត្តិការណ៍មួយដែលបង្ហាញពីទិដ្ឋភាពដ៏មមាញឹកបានរំលេចឡើងនៅទូទៅប្រទេសចិន ដែលត្រូវបានគេហៅថា«ការចំណាកស្រុកដ៏ធំបំផុតរបស់មនុស្សជាតិនៅលើពិភពលោក»។ ព្រឹត្តិការណ៍នេះគឺ春运(chun yun)«ការដឹកជញ្ជូនក្នុងនិទាឃរដូវ»(The Spring Festival Transportation)ពោលការធ្វើដំណើរក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិន។

ជានិច្ចកាល ជនជាតិចិនតែងតែនិយាយពាក្យមួយម៉ាត់ថា «មានលុយអត់លុយ ទៅផ្ទះចូលឆ្នាំ» ដែលមានន័យថា ទោះបីជាមានជីវភាពធូរធារឬក្រលំបាកក្តី ឱ្យតែដល់ថ្ងៃចូលឆ្នាំក៏សុទ្ធតែគួរត្រឡប់ទៅស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារ ដែលបញ្ជាក់ថា ជនជាតិចិនបានចាត់ទុកមនោសញ្ចេតនាគ្រួសារនិងសាច់ញាតិជាធំលើសពីអ្វីៗទាំងពួង ដែលបង្កើតបានជាវប្បធម៌«ផ្ទះ»របស់ប្រជាជាតិចិន។

អាស្រ័យហេតុនេះ បើតាមកំណត់ត្រា «ការដឹកជញ្ជូនក្នុងនិទាឃរដូវ»របស់ចិនបានកើតចេញជាទ្រង់ទ្រាយជាលើកដំបូងក្នុងឆ្នាំ១៩៥៤ ដែលកាលនោះមានអ្នកដំណើរទៅមកជាង២៣០០ ម៉ឺននាក់ បើទោះបីជាកាលនោះសាធារណរដ្ឋប្រជាមានិតចិនទើបបានបង្កើតឡើងថ្មីៗ ហើយជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកំពុងស្ថិតក្នុងភាពក្រលំបាក ចំណែកមធ្យោបាយធ្វើដំណើរមិនរហ័សទាន់ចិត្តឬសឹងតែអាចនិយាយបានថាអន់ថយក្តី ប៉ុន្តែមិនអាចរារាំងទឹកចិត្តរបស់ជនចំណាកស្រុកដែលនឹករឮកឪពុកម្តាយនិងក្រុមគ្រួសារ នឹករឮកស្រុកកំណើតរបស់ខ្លួននោះឡើយ ពោលជនចំណាកស្រុកទាំងឡាយបានរិះរកគ្រប់មធ្យោបាយដើម្បីធ្វើដំណើរត្រឡប់ទៅជួបជុំគ្រួសារ បើទោះបីជាអ្នកខ្លះត្រូវចំណាយពេល៣-៤ ថ្ងៃទើបអាចទៅដល់ផ្ទះក៏ដោយ។
តាមរយៈ«ការដឹកជញ្ជូនក្នុងនិទាឃរដូវ» គេអាចមើលឃើញពីការវិវឌ្ឍនៃសេដ្ឋកិច្ចនិងមធ្យោបាយធ្វើដំណើររបស់ប្រទេសចិន ។ ពិសេសចាប់ពីការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយមក អ្នកដំណើរទៅមកក្នុងកំឡុងពេលចូលឆ្នាំចិនមានចំនួនលើសពី១០០ លាននាក់ជាលើកដំបូងនៅឆ្នាំ១៩៧៩ និងឈានដល់៥០០ លាននាក់នៅឆ្នាំ១៩៨៤ , ឆ្នាំ១៩៩៤ មានចំនួន១០ ប៊ីលាននាក់ , ឆ្នាំ២០០៦ មានចំនួន២០ ប៊ីលាននាក់ , ឆ្នាំ២០១២ មានចំនួន៣០ ប៊ីលាននាក់ , ហើយពីឆ្នាំ២០១៤ ដល់២០១៩ គិតមធ្យមសុទ្ធតែលើសពី៣០ ប៊ីលាននាក់ ប៉ុន្តែបានធ្លាក់ចុះក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ ។ ដោយឡែក ក្នុងឆ្នាំ២០២៥ កន្លងទៅ «ការដឹកជញ្ជូនក្នុងនិទាឃរដូវ»បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រជាមួយនឹងចំនួនអ្នកដំណើរសរុបលើសពី៩០.២ ប៊ីលាននាក់ ដែលក្នុងចំណោមនោះ អ្នកធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនមានចំនួន៧១.៧ ប៊ីលាននាក់។
នៅពីក្រោយនៃតួលេខដ៏ធំសម្បើមនេះ អ្នកណាដែលអាចនឹកស្មានដល់ថា កាលពី២០ ឆ្នាំមុន ចម្ងាយជាមធ្យមរបស់មនុស្សម្នាក់ៗដែលធ្វើដំណើរតាមរថភ្លើងនៅប្រទេសចិនមានប្រវែងមិនដល់មួយម៉ែត្រផង ហើយរថភ្លើងទៀតសោត ក៏ចាស់កំរឹលធ្វើដំណើររលាក់ញ័រទទ្រើត ការធ្វើដំណើរមានភាពយឺតយ៉ាវនឹងគ្មានផាសុកភាព។ ប៉ុន្តែបច្ចុប្បន្ន បណ្តាញរថភ្លើងល្បឿនលឿនដ៏ទំនើបបានគ្របដណ្តប់ទីក្រុងទូទាំងប្រទេសចិនដែលមានចំនួនប្រជាជនលើសពី៥ សែននាក់ឡើងទៅរហូតដល់ទៅ៩៦% ហើយការធ្វើដំណើរបានទាំងរហ័សទាន់ចិត្តនិងប្រកបដោយផាសុកភាព។
កាលពីជាង១០ ឆ្នាំមុន ប្រជាជននៅទីក្រុងជាច្រើនរបស់ចិនបាននាំគ្នាជិះម៉ូតូដើម្បីត្រឡប់ទៅស្រុកកំណើតមុនថ្ងៃបុណ្យចូលឆ្នាំ។ តែឥឡូវនេះ ការធ្វើដំណើរតាមរថយន្តលក្ខណៈគ្រួសារបានក្លាយជាមធ្យោបាយធ្វើដំណើរសំខាន់ក្នុងកំឡុងពេល«ការដឹកជញ្ជូនក្នុងនិទាឃរដូវ»។ បច្ចុប្បន្ន ប្រទេសចិនមានបណ្តាញគមនាគមន៍ដែលមានប្រវែងសរុបលើសពី៦ លានគីឡូម៉ែត្រ ក្នុងនោះផ្លូវដែកដែលកំពុងប្រតិបត្តិមានប្រវែងលើសពី១៦ ម៉ឺនគីឡូម៉ែត្រ ឯផ្លូវថ្នល់ជនបទមានប្រវែងសរុបលើសពី៤.៦ លានគីឡូម៉ែត្រ ដែលផ្តល់នូវការធានាយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពសម្រាប់«ការដឹកជញ្ជូនក្នុងនិទាឃរដូវ»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ «ការដឹកជញ្ជូនក្នុងនិទាឃរដូវ»មិនត្រឹមតែជាការ«ត្រឡប់ទៅស្រុកកំណើត»នោះទេ ប៉ុន្តែក៏មាន«លំហូរចូលទីក្រុង»ផងដែរ ដែលជំរុញដល់សក្តានុពលនៃទីផ្សារប្រើប្រាស់។ លំហូរទៅមករបស់អ្នកដំណើរ ជាការរំញោចដល់តម្រូវការខាងទីផ្សារ។
ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន ការទៅដើរកម្សាន្តតាមផ្សារណាត់ក្នុងភូមិស្រុក ការភ្លក់រសជាតិអាហារឆ្ងាញ់នៅស្រុកកំណើត ការនាំគ្រួសារទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាបានគួបបញ្ចូលគ្នាជា«ខ្សែច្រវាក់ធ្វើដំណើរ+ការប្រើប្រាស់» ដែលរំញោចដល់កំណើននៃវិស័យទេសចរណ៍វប្បធម៌នៅទូទាំងប្រទេសចិន។
ការប្រែពី«ការដឹកជញ្ជូនក្នុងនិទាឃរដូវ»ក្លាយជាឱកាសទីផ្សារគឺជាទម្រង់មួយនៃការអភិវឌ្ឍរបស់ចិន។
ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានកែលម្អជាបន្តបន្ទាប់ បានជំរុញដល់ការវិនិយោគនិងការបំពេញតម្រូវការនៃការធ្វើដំណើរ ចំណែកឯតម្រូវការនឹងជំរុញដល់ការផ្គត់ផ្គង់ ដែលបង្កើតជាដំណើរវិលជុំនៃខ្សែច្រវាក់ប្រើប្រាស់ដែលជាកម្លាំងចលករមួយសម្រាប់ជំរុញការអភិវឌ្ឍទីផ្សារ។
ប្រទេសកម្ពុជាក៏មានវប្បធម៌«ផ្ទះ»របស់ខ្លួនផងដែរ ពោលគឺប្រជាជនកម្ពុជាក៏បានឱ្យតម្លៃយ៉ាមហាសាលចំពោះមនោសញ្ចេតនាគ្រួសារដែរ។ រាល់រដូវបុណ្យភ្ជុំនិងបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋចំណាកស្រុករមែងតែងនាំគ្នាត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារក្នុងថ្ងៃបុណ្យ ដែលបង្កើតជាទិដ្ឋភាពពិសេសនៃ«ការដឹកជញ្ជូនក្នុងថ្ងៃបុណ្យ» និងការប្រើប្រាស់ដែលជំរុញដល់ការអភិវឌ្ឍខាងវិស័យទេសចរណ៍។
មិនថា«ការដឹកជញ្ជូនក្នុងនិទាឃរដូវ»របស់ចិនឬ«ការដឹកជញ្ជូនក្នុងថ្ងៃបុណ្យ»របស់កម្ពុជា សុទ្ធតែបានឆ្លុះបញ្ចាំងពីភាពរស់រវើកនិងការអភិវឌ្ឍនៃសង្គមជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងមនោសញ្ចេតនារបស់ប្រជាជនចំពោះវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដែលកាន់តែល្អបវរ ដូចពាក្យមួយឃ្លាពោលថា៖ សុបិននៅឆ្ងាយពិត ឱ្យតែខិតខំស្វែងរកនឹងអាចឈានទៅដល់ , ក្តីប្រាថ្នាលំបាកពិត ឱ្យតែប្រកាន់ខ្ជាប់នឹងអាចសម្រេចបាន៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
