ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ថ្កោលទោស ចំពោះបុគ្គលបានគប់គិតគ្នា ធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាង យកជាកម្មសិទ្ធិ ក្នុងស្រុកស្រែអំបិល

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៣ កុម្ភៈ បានចេញលិខិតថ្កោលទោស ចំពោះបុគ្គល ដែលបានគប់គិតគ្នា ធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយ សកម្មភាពនេះជាអំពើខុសច្បាប់។

មាត្រា៣៨៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់ចំណុច គ បានបញ្ញត្តិថា ការកាប់ ផ្តួល រំលំ គ្រៀវ កាប់បំផ្លាញ ដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ និងត្រង់ចំណុច ឍ បានបញ្ញត្តិថា ការចាក់លុប ឬចាក់បំពេញដី ដែនទឹក ផ្ទៃរងទឹកភ្លៀង ផ្លូវទឹក បឹងធម្មជាតិ ដីសើម តំបន់ទំនាប ទឹកផុសក្រោមដី ឬ អាងទឹក ដោយគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ ក្នុងតំបន់ការពារធម្មជាតិ។

មាត្រា៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ បានបញ្ញត្តិថា បុគ្គលពុំមានសិទ្ធិផ្តល់ ការអនុញ្ញាត ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬ ធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយ នឹងបទប្បញ្ញត្តិនៃក្រមនេះ។

ការគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាង យកជាកម្មសិទ្ធិ ដោយពុំមានការ អនុញ្ញាត ពីរាជរដ្ឋាភិបាល ត្រូវបានចាត់ទុកថាជា បទល្មើសធនធានធម្មជាតិថ្នាក់ទី២ដែលត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ដ នៃ មាត្រា៨៥០ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់) ឆ្នាំ ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ច នៃម ត្រា៨៥១។

ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន បានប្រកាសថ្កោលទោស និងធ្វើការអនុវត្តច្បាប់ ចំពោះជនដែលប្រព្រឹត្ត បទល្មើសធនធានធម្មជាតិ គប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ដោយ គ្មានការអនុញ្ញាត៕

To Top