៣ថ្ងៃ កម្ពុជា បណ្តេញ ជនបរទេស ចេញជាង១ពាន់នាក់
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ គិតចាប់តាំងពីថ្ងៃទី ២១ ២២ ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ១,០៩០នាក់ ចេញពីកម្ពុជា។
ជនបរទេសទាំង១,០៩០នាក់ (ស្រី ១៣៥នាក់) នេះ មាន១៧សញ្ជាតិ រួមមាន ៖ ចិន ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា ប្រេស៊ីល បង់ក្លាដេស នេប៉ាល់ ចិនតៃវ៉ាន់ លីបេរីយ៉ា កាមេរូន យ៉ូហ្គង់ដា សេរ៉ាឡេអូន ម៉ាឡេស៊ី ហ្គាណា នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ា ។

ពួកគេត្រូវបានបណ្ដេញចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស ក្នុងនោះ ២សញ្ជាតិ គឺជនជាតចិនចំនួន ៤៩៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) និងជនជាតិមីយ៉ាន់ម៉ា ចំនួន ១៦៨នាក់ ។ សម្រាប់ជនបរទេសមួយចំនួនទៀតត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ការបណ្ដេញចេញជនជាតិ បរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ៕






