អតីតឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តខុស ក្នុងមុខតំណែង
ឡុងដ៍៖ អតីតឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំសហរដ្ឋអាមេរិក លោក Peter Mandelson ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តខុស ក្នុងមុខតំណែងសាធារណៈ នេះបើយោងតាមការប្រកាសរបស់ប៉ូលីស Metropolitan នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។
មន្ត្រីប៉ូលីសបានចាប់ខ្លួន លោក Mandelson អាយុ ៧២ឆ្នាំនៅអាសយដ្ឋានមួយក្នុងទីក្រុង Camden កាលពីថ្ងៃចន្ទ ហើយលោកត្រូវបាននាំទៅកាន់ ស្ថានីយ៍ប៉ូលីសទីក្រុងឡុងដ៍ សម្រាប់ការសម្ភាសន៍ នេះបើយោងតាមអ្នកនាំពាក្យប៉ូលីស Metropolitan។
អ្នកនាំពាក្យរូបនេះបានឧ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយតាមអ៊ីនធឺណិតថា “រឿងនេះកើតឡើងបន្ទាប់ពីដីកាឆែកឆេរ នៅអាសយដ្ឋានពីរនៅក្នុងតំបន់ Wiltshire និងទីក្រុង Camden” ដោយបន្ថែមថាពួកគេមិនអាចផ្តល់ព័ត៌មានបន្ថែមដើម្បី “ការពារការប៉ះពាល់ដល់សុចរិតភាពនៃការស៊ើបអង្កេតនៅឡេីយទេ”។
នៅចុងខែមករា ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានបង្ហាញជាសាធារណៈនូវឃ្លាំងសម្ងាត់ឯកសារមួយចំនួនធំ ដែលទាក់ទងនឹងអ្នកហិរញ្ញវត្ថុ ជនជាតិអាមេរិកដែលបានស្លាប់ និង ជាជនល្មើសផ្លូវភេទដែលត្រូវបានកាត់ទោស Jeffrey Epstein ដែលជំរុញឱ្យមានការត្រួតពិនិត្យ ឡើងវិញនៅក្នុងប្រទេសអង់គ្លេស។
ក្រោយមក ប៉ូលីសអង់គ្លេសបានបញ្ជាក់ថា ពួកគេបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយលើលោក Mandelson ពីបទប្រព្រឹត្តខុសឆ្គង ខណៈកំពុងកាន់តំណែងសាធារណៈ រួមទាំងការបង្ហាញព័ត៌មាន ដែលងាយរងគ្រោះដល់ទីផ្សារផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
