ព័ត៌មានជាតិ

ក្រសួងការងារ និង ADB ពិភាក្សាពង្រឹងកិច្ចសហការលើក ​​កម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការ​ការវិវត្តរចនាសម្ព័ន្ធ សេដ្ឋកិច្ច និងទីផ្សារការងារ​កម្ពុជា​ ទាំងពេលបច្ចុប្បន្ន និងអនាគត

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nianshan Zhang អគ្គនាយកនៃនាយកដ្ឋានប្រចាំ តំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងឱកាសសំខាន់ៗ ក្នុងការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញនៅកម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយ ADB ដែលសម្រេចបាន នូវសមិទ្ធផលជាទីមោទន ក្នុងការគាំទ្រការអភិវឌ្ឍជំនាញកម្លាំងពលកម្ម និងពង្រឹងសមត្ថភាព ប្រកួតប្រជែង ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធ TVET។

ជាមួយគ្នានេះ លោកបានលើកឡើងពីសារៈសំខាន់វិស័យ TVET ដែលជាគ្រឹះសម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នា ស្របតាមតម្រូវការមាគ៌ាឧស្សាហកម្មហូបនីកម្មកម្ពុជា ហើយក្រសួងការងារបាន នឹងកំពុងពង្រីកវិសាលភាព TVET តាមអនុវត្តគន្លងអប់រំថ្មីទៅកាន់តំបន់គោលដៅ ជាពិសេសនៅតាមទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស។

លោកបានគូសបញ្ជាក់ថា តាមរយៈភាពជា ដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើន ឱ្យទទួលបានជំនាញ លើកកម្ពស់សមត្ថភាពល្អជាងមុន និងទទួលបានការងារល្អប្រសើរ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល បង្កើនចំណូល និងចូលរួមកាត់បន្ថយភាពក្រីក្រ ។ ក្រសួងបានជម្នះឧបសគ្គជាច្រើន ព្រោះថាវិស័យ TVET កាលពីមុនត្រូវបានចាត់ទុកថា ជាវិស័យមិន សូវសំខាន់ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែច្រើន កំពុងចាប់អារម្មណ៍លើ TVET ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការវិនិយោគគាំទ្រ​ជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោក Zhang បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី សម្រាប់ជំនួបប្រកបដោយអត្ថន័យ ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក សម្រាប់ជាមូលដ្ឋាន កំណត់គោលដៅឱ្យកាន់តែមុតស្រួចបន្ថែមទៀត ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានគូសបញ្ជាក់ថា ADB និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារមានទំនាក់ទំនងរឹងមាំដ៏យូរអង្វែង ដែលសម្រេចបានសមិទ្ធផលជាច្រើន ហើយ ADB តែងតែផ្តល់អាទិភាពខ្ពស់ដល់ការជំរុញលើកកម្ពស់វិស័យ TVET ជានិច្ច និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក Zhang និងក្រុមការងារ សម្រាប់ការពិភាក្សាប្រកប ដោយស្ថាបនា និងគ្រប់ជ្រុងជ្រោយនេះ ដែលបានពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏មាំមួនបន្ថែមទៀត ដោយលោកបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបន្តរីកចម្រើន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕

To Top