លោក Trump កំពុងពិចារណាបញ្ជា ឲ្យធនាគារទាំងឡាយ ក្នុងការប្រមូលទិន្នន័យ អ្នកប្រើប្រាស់ទាំងអស់
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ ចេញពីកាសែតFinancial Times បានរាយការណ៍ថាសេតវិមាន កំពុងថ្លឹងថ្លែងបទបញ្ជាប្រតិបត្តិដែលនឹងបង្ខំ ឱ្យធនាគារប្រមូលព័ត៌មាន សញ្ជាតិពីអតិថិជនទាំងអស់របស់ខ្លួន។
ការបញ្ជាថ្មីនេះនឹងតំណាងឱ្យការជំរុញថ្មី ដ៏សំខាន់មួយនៅក្នុងការជំរុញ របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការទប់ស្កាត់ការធ្វើចំណាក ស្រុកដោយគ្មានឯកសារ។
ការបញ្ជានេះក៏នឹងអាចត្រូវបានអនុវត្ត ចំពោះអតិថិជនថ្មី ក៏ដូចជាម្ចាស់គណនីដែលមានស្រាប់ ដោយបន្ថែមថា ធនាគារមានការព្រួយបារម្ភ ចំពោះការពិភាក្សានេះផងដែរ។
គួរឲ្យដឹងដែរថានៅក្រោមច្បាប់ឯកជនភាពនិងសម្ងាត់របស់ធនាគារ អ្នកឱ្យខ្ចីជាជនជាតិអាមេរិកត្រូវតែទទួលបានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានរបស់អតិថិជន ដើម្បីស្វែងរកឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប៉ុន្តែគ្មានច្បាប់សហព័ន្ធកំណត់ការប្រមូល ឬផ្ទៀងផ្ទាត់ស្ថានភាពសញ្ជាតិសម្រាប់ការបើកគណនីនោះទេដោយក្នុងនោះអ្នកខ្លះស្នើសុំព័ត៌មាននេះដោយស្ម័គ្រចិត្តសម្រាប់ការគ្រប់គ្រងហានិភ័យ។
ឯកសារដែលបង្កើតសញ្ជាតិអាមេរិករួមមាន លិខិតឆ្លងដែន សំបុត្រកំណើត វិញ្ញាបនបត្រនៃការចូលសញ្ជាតិ ក៏ដូចជាកំណត់ត្រាយោធាមួយចំនួន ។ ប្រជាជនអាមេរិកប្រមាណ ៥២ភាគរយមិនបានកាន់លិខិតឆ្លង ដែនអាមេរិកដែលមានសុពលភាពត្រឹមឆ្នាំ២០២៤ នេះបើយោងតាមទិន្នន័យ របស់ក្រសួងការបរទេស ដោយសារភាគច្រើន ប្រើប្រាស់ប័ណ្ណបើកបរ របស់រដ្ឋជាទម្រង់ស្តង់ដារ នៃអត្តសញ្ញាណប័ណ្ណ៕
ប្រែសម្រួល៖ស៊ុនលី
