រដ្ឋាភិបាលគុយបា ចេញមុខបកស្រាយ បន្ទាប់ពីទាហានគុយបា បាញ់សម្លាប់មនុស្ស៤នាក់ នៅលើទូកដែលធ្វើដំណើរ ដែលចុះបញ្ជីនៅរដ្ឋផ្លរីដា
បរទេស៖ រដ្ឋាភិបាលគុយបាបាននិយាយ កាលពីល្ងាចថ្ងៃពុធថា អ្នកដំណើរទាំង ១០ នាក់នៅលើទូកដែលបានបាញ់ ប្រហារលើទាហានរបស់ខ្លួន គឺជាជនជាតិគុយបា ប្រដាប់អាវុធ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ដែលកំពុងព្យាយាមជ្រៀត ចូលកោះនេះ និងបញ្ចេញអំពើភេរវកម្ម។
យោងតាមសារព័ត៌មាន AP ចេញ ផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសនេះបានកើតឡើង ប៉ុន្មានម៉ោង បន្ទាប់ពីគុយបាបាននិយាយថា ទាហានរបស់ខ្លួនបានសម្លាប់មនុស្ស ៤ នាក់ និងរបួស ៦ នាក់ផ្សេងទៀត នៅលើទូកល្បឿនលឿន ចុះបញ្ជីនៅរដ្ឋផ្លរីដា ដែលបានចូលទៅក្នុងដែនទឹកគុយបា ហើយបានបើកការបាញ់ ប្រហារលើទាហានគុយបាមុន។
រដ្ឋាភិបាលគុយបាបាននិយាយថា ភាគច្រើនក្នុងចំណោមមនុស្ស ១០ នាក់នៅលើទូក គឺ”មានប្រវត្តិនៃសកម្មភាពឧក្រិដ្ឋកម្ម និងហិង្សាដែលគេបានដឹង”។
វាបានកំណត់អត្តសញ្ញាណពីរនាក់ក្នុងចំណោមពួកគេថាជា Amijail Sánchez González និង Leordan Enrique Cruz Gómez ដែលត្រូវបានអាជ្ញាធរគុយបា តាមចាប់ខ្លួន “ដោយផ្អែកលើការចូលរួម របស់ពួកគេក្នុងការលើកកម្ពស់ ការធ្វើផែនការ ការរៀបចំ ការផ្តល់ហិរញ្ញប្បទាន ការគាំទ្រ ឬការប្រព្រឹត្តសកម្មភាព ដែលបានធ្វើឡើងនៅក្នុងទឹកដីជាតិ ឬនៅក្នុងប្រទេសដទៃទៀត ទាក់ទងនឹងអំពើភេរវកម្ម” ៕
ប្រែប្រួលៈ ណៃ តុលា
