ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យអគ្គនាយក ADB ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖  លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Nianshan Zhang, អគ្គនាយក ADB ប្រចាំអាស៊ីអាគ្នេយ៍ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកឆាយ ឫទ្ធិសែន បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានអញ្ជើញមកក្រសួង អភិវឌ្ឍន៍ជន បទនាឱកាសនេះ។

លោករដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទ មានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការ ជាមួយធនាគាអភិវឌ្ឍន៍អាស៊ី នាពេលកន្លងមក លើគម្រោងអភិវឌ្ឍន៍ផ្លូវជនបទ មានប្រវែងសរុប ៣ ០០០ គីឡូម៉ែត្រ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងគម្រោងផ្សេងទៀត ដែលកុំពុងអនុវត្ត និងគ្រោងចាប់ផ្តើមអនុវត្តនាពេលខាងមុខ។

លោក Nianshan Zhang អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំអាស៊ីអាគ្នេយ៍ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចំរើន លើគ្រប់វិស័យ ក្នុងសន្ទុះមួយយ៉ាងឆាប់រហ័ស។

លោកក៏បានលើកឡើង អំពីភាពជាដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការវិនិយោគសាធារណៈ និងជំនួយបច្ចេកទេសនានា សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

លោកអគ្គនាយក បានបន្ថែមទៀតថា ADB នៅតែបន្តកិច្ចសហប្រតិបត្តិល្អ និងជិតស្និតបន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជន ដើម្បីជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនបទ ឱ្យមានសន្ទុះមួយកាន់លឿនថែមទៀត។

មុននិងបញ្ចប់ លោករដ្ឋមន្ត្រី បានសម្តែង ការសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះលោកអគ្គនាយកប្រចាំ អាស៊ីអាគ្នេយ៍ និងសការី ដែរបានបង្ហាញអំពីការចូលរួមបន្ត កិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពរឹងមាំថែមទៀត ៕

To Top