សំបុកអណ្តើកហ្លួងទី៣ ត្រូវបានរកឃើញ នាដើមឆ្នាំ២០២៦ មានគ្រាប់ពង ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំ
ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ១ទីតាំង មានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។
នេះជាសំបុកទី៣ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន ក្រុមការងារបានចល័តពងទាំងនោះទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារនិងតាមដានការញាស់ ដោយធានាបាននូវអត្រាគង់វង្សខ្ពស់។

សូមបញ្ជាក់ថា ក្រុមការងារបានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំងក្នុងឆ្នាំ២០២៤ ពុំមានរកឃើញក្នុងឆ្នាំ២០២៥ និងរកឃើញឡើងវិញ៣ទីតាំងនាដើមឆ្នាំ២០២៦នេះ។ សកម្មភាពទម្លាក់ពងអណ្តើកហ្លួងក្នុងជម្រកធម្មជាតិនេះ បានបញ្ជាក់អំពីសុខភាពល្អនៃអណ្តើកហ្លួង ជម្រក និងអេកូឡូស៊ីនៃប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុងនិងខេត្តព្រះសីហនុ។

អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩។ ប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេសផងដែរ។
សូមរំលឹកថា នៅកម្ពុជា ប្រព័ន្ធព្រែកស្រែអំបិលជាជម្រកតែមួយគត់ដែលអណ្តើកហ្លួងរស់នៅ និងពងកូន។ ដូចនេះ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការពារប្រភេទនេះចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ កាសិក្សាស្រាវជ្រាវ និងការភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទនេះក្នុងដែនទឹកធម្មជាតិ៕

