កូរ៉េខាងជើង បង្ហាញរូបភាពដ៏កម្រ កូនស្រីវ័យ១៣ឆ្នាំ របស់មេដឹកនាំ គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងវែង
បរទេស៖ កូរ៉េខាងជើងបានចេញផ្សាយរូបភាពដ៏កម្រមួយនៅថ្ងៃសៅរ៍នេះ ដែលបង្ហាញពីកូនស្រីវ័យ ១៣ឆ្នាំ របស់មេដឹកនាំ គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងវែងនៅឯទីលានបាញ់កាំភ្លើង ដែលបន្ថែមការសង្ស័យថា នាងកំពុងត្រូវបានរៀបចំជាអ្នកស្នងតំណែង។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កូនស្រីរបស់លោក ឈ្មោះ គីម គឺ ជូ អេ ត្រូវបានគេមើលឃើញជាយូរមកហើយថា ជាអ្នកស្នងតំណែងបន្ទាប់ដើម្បីគ្រប់គ្រងរដ្ឋសម្ងាត់ និងប្រដាប់អាវុធនុយក្លេអ៊ែរនេះ ហើយបានចូលរួមក្នុងពិធីជប់លៀងល្បីៗ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមទាំងក្បួនដង្ហែយោធានៅសប្តាហ៍នេះ ដែលប្រារព្ធឡើងជាដំណាក់ កាលបិទបញ្ចប់នៃសមាជបក្សដ៏សំខាន់របស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានចេញផ្សាយ រូបថតរបស់ ជូ អេ កំពុងបាញ់កាំភ្លើងវែង នៅឯទីលានបាញ់កាំភ្លើង ដោយសម្លឹងមើលតាមកែវយឹតកាំភ្លើងវែង ដោយម្រាមដៃ របស់នាងនៅលើកៃកាំភ្លើង និងមាន ផ្សែងហុយចេញពីចុងកាំភ្លើង៕
ប្រែសម្រួលៈ ណៃ តុលា
