ព័ត៌មានអន្តរជាតិ

​ បណ្តាប្រទេសនៅអឺរ៉ុប​ ជំរុញឱ្យពលរដ្ឋចាកចេញពីមជ្ឈិមបូព៌ា ខណៈដែលភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កើនឡើង

ប្រ៊ុចសែល៖​ ប្រទេសអឺរ៉ុបមួយចំនួននៅថ្ងៃសុក្រ បានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញ ឬជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាមួយចំនួនទៀត ដោយសារតែភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែកើនឡើង។

រដ្ឋាភិបាលអង់គ្លេសបានឧ្យដឹងថា ខ្លួនបានដកបុគ្គលិកចេញពីប្រទេសអ៊ីរ៉ង់​ ជាបណ្តោះអាសន្ន ដោយស្ថានទូតរបស់ខ្លួននៅតែបន្តប្រតិបត្តិការពីចម្ងាយ ហើយបានណែនាំកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសនេះ។

ក្រសួងការបរទេសបារាំងបានចេញសេចក្តីជូនដំណឹងសន្តិសុខ​ សម្រាប់ជនជាតិបារាំងប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ក្រុងយេរូសាឡឹម និងតំបន់វេស្តប៊ែង ដោយលើកឡើងពីផលវិបាកក្នុងតំបន់ដែលអាចកើតមានពីស្ថានភាពពាក់ព័ន្ធនឹងអ៊ីរ៉ង់។

ប្រភពបានព្រមានអំពីការលុបចោលជើងហោះហើរ ឬការពន្យារពេល ដែលអាចកើតមាន និងបានជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការជួបជុំគ្នា។

អ៊ីតាលីក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ និងបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅទូទាំងមជ្ឈិមបូព៌ា។ ក្រសួងការបរទេសបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនជាតិអ៊ីតាលីនៅអ៊ីរ៉ង់​ សម្រាប់ទេសចរណ៍ ឬដែលវត្តមានរបស់ពួកគេមិនចាំបាច់ត្រូវបានជំរុញឱ្យចាកចេញ” ដោយហាមឃាត់យ៉ាងខ្លាំងចំពោះការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ និងលីបង់ផងដែរ។

ប្រទេសអាល្លឺម៉ង់បានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការធ្វើដំណើររបស់ខ្លួន ដើម្បីហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលទាំងមូល ដោយពង្រីកដំបូន្មានពីមុនដែលអនុវត្ត​ ចំពោះតែតំបន់មួយចំនួននៃប្រទេស៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top