ការសន្ទនា ជាជាងការប្រើកម្លាំង អាចផ្តល់ផ្លូវចេញពីជម្លោះយូរអង្វែង នៅមជ្ឈិមបូព៌ា
ប៉េកាំង ៖ ខណៈដែលកិច្ចចរចា នុយក្លេអ៊ែរថ្មីៗរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្ហាញសញ្ញានៃវឌ្ឍនភាព ហើយជុំថ្មីមួយកំពុងដំណើរ ការនៅទីក្រុងហ្សឺណែវ ក្តីសង្ឃឹមឡើងវិញបានលេចចេញមកថា ការសន្ទនា ជាជាងការប្រើកម្លាំង អាចផ្តល់ផ្លូវចេញពីជម្លោះយូរអង្វែង។
យ៉ាងណាក៏ដោយ សុទិដ្ឋិនិយមដ៏ផុយស្រួយនោះស្ថិតនៅលើមូលដ្ឋានគ្រឹះដ៏មិនស្រួលមួយ។ ខណៈពេលដែលទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបញ្ជូនសញ្ញាស្ថាបនា វោហាសាស្ត្រដ៏មុតស្រួច និងហានិភ័យនៃការប្រឈមមុខដាក់គ្នា ខាងយោធានៅតែបន្តធ្វើឱ្យបរិយាកាសអាប់អួរ ដែលធ្វើឱ្យទស្សនវិស័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏យូរអង្វែង មិនប្រាកដប្រជា។
ការពិតគឺថា នៅពេលដែលអ្នកការទូតកំពុងជួបប្រជុំគ្នា កងកម្លាំងយោធាអាមេរិក កំពុងចល័តនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់។
ប្រសិនបើទីក្រុងវ៉ាស៊ីនតោន វាយប្រហារអ៊ីរ៉ង់ ការសងសឹករបស់ទីក្រុងតេអេរ៉ង់ អាចកំណត់គោលដៅមូលដ្ឋានយោធាអាមេរិកនៅទូទាំងតំបន់ ហេីយអ៊ីស្រាអែលក៏អាចជាប់ពាក់ព័ន្ធផងដែរ។
ស្ថានភាពអាចវិលចេញពីការគ្រប់គ្រងបានយ៉ាងងាយស្រួល ដែលធ្វើឱ្យតំបន់ដែលមានបញ្ហាយូរអង្វែងធ្លាក់ចូលទៅក្នុងសង្គ្រាមមួយផ្សេងទៀតដែលទំហំ និងផលវិបាកដែលគ្មានអ្នកណាអាចទស្សន៍ទាយបាន។
ការបន្ដដាក់ពង្រាយនាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងដោយទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់នេះ បានបញ្ជូនសញ្ញាដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងមិនបង្កើតសន្តិសុខទេ។ វាពង្រីកការមិនទុកចិត្ត បង្កើនភាពតានតឹង និងធ្វើឱ្យស្ថានការណ៍មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ។
នៅក្នុងបរិយាកាសដ៏ផុយស្រួយរួចទៅហើយ ការបង្ហាញយោធាបែបនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។
មជ្ឈិមបូព៌ា បានទទួលរងម្តងហើយម្តងទៀតនូវផលវិបាកនៃសង្គ្រាម ដែលបានចាប់ផ្តើមក្នុងនាមសន្តិសុខ ឬសណ្តាប់ធ្នាប់ ហេីយអន្តរាគមន៍យោធាបានធ្វើឱ្យសង្គមបែកបាក់ ជំរុញភាពជ្រុលនិយម និងបន្សល់ទុកស្លាកស្នាមមនុស្សធម៌យូរអង្វែង៕
ប្រែសម្រួល ឈូក បូរ៉ា
