ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា សហរដ្ឋអាមេរិក​ ប្រឈមមុខនឹងការសម្រេចចិត្ត ដ៏ធំមួយលើអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោកដូណាល់​ ត្រាំ​ បានបញ្ជាក់ថា​ សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹង «ការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ» លើអ៊ីរ៉ង់។

លោក ត្រាំ បានឧ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋតិចសាស់ថា «យើងមានការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ» ថាតើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់ ហើយជម្រើសគឺ «មិនងាយស្រួលនោះទេ»។

លោកបានលេីកឡេីងថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់​ ត្រូវតែបំពេញតាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន។​ លោកបានបន្ដថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែត្រូវធ្វើកិច្ចព្រមព្រៀង ដែលមានអត្ថន័យ​ ខ្ញុំចង់ធ្វើវាដោយសន្តិវិធី ប៉ុន្តែពួកគេជាមនុស្ស ដែលពិបាកដោះស្រាយជាមួយណាស់»។

មុននេះបន្តិចនៅថ្ងៃសុក្រ លោក ត្រាំ​ បានប្រាប់អ្នកយកព័ត៌មានថា លោក «មិនសប្បាយចិត្ត» ជាមួយនឹងរបៀប​ ដែលកិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ កំពុងដំណើរការនោះទេ​ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តចុង ក្រោយលើប្រតិបត្តិការយោធា ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ។

លោកបានបន្ថែមថា «ខ្ញុំចង់មិនប្រើប្រាស់» កងកម្លាំងអាមេរិក «ប៉ុន្តែពេលខ្លះអ្នកត្រូវតែធ្វើដូច្នេះ»។​ រដ្ឋបាលលោក ត្រាំ បានបង្កើនការដាក់ពង្រាយ យោធា របស់ខ្លួននៅមជ្ឈិមបូព៌ា ដោយបញ្ជូនកងអនុសេនាធំចម្បាំងបន្ថែម និងដាក់ក្រុមវាយប្រហារនាវាផ្ទុក យន្តហោះពីរក្រុមនៅក្នុងតំបន់។

នាវាផ្ទុកយន្តហោះ USS Gerald R. Ford បានមកដល់ឆ្នេរសមុទ្រអ៊ីស្រាអែល​ នៅថ្ងៃសុក្រ ដោយចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលបានប្រតិបត្តិការនៅសមុទ្រអារ៉ាប់ចាប់តាំងពីចុងខែមករា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top