ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យ មន្ត្រីនគរបាល បន្តដោះស្រាយ លើសំណុំរឿងកកស្ទះ

កំពង់ចាម ៖ នៅក្នុងពិធីបិទវគ្គបណ្ដុះ បណ្ដាលកងកិត្តិយស និងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីថ្មីជំនាន់ទី១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តឲ្យមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បន្តដោះស្រាយលើសំណុំរឿងកកស្ទះ ខណៈស្ថាប័នអយ្យការ មានសំណុំរឿងកកស្ទះ រាប់ពាន់ករណី ។

លោកអភិបាលខេត្តបានថ្លែងបន្តថា សំណុំរឿងដែលបានកកស្ទះនៅក្នុងស្ថាប័នតុលាការ មានជាច្រើនករណី ដោយការកកស្ទះនេះ មិនត្រឹមតែក្នុងខេត្តកំពង់ចាមទេ សូម្បីតែនៅក្នុងស្ថាប័នតុលាការខេត្តផ្សេង ក៏មានករណីស្រដៀងគ្នានេះដែរ គឺដោយសារតែខ្វះការបញ្ជាក់បន្ថែមពីនគរបាលយុត្តិធម៌ ។

លោកអភិបាលខេត្តបន្តថា កាលនៅសេសសល់ សំណុំរឿងច្រើននេះ លោក សូមលើកទឹកចិត្តជាស្មារតីដល់ មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើយ៉ាងណា រួមគ្នាសហការគ្នា ដោះស្រាយករណីសំណុំរឿង កកស្ទះនេះឲ្យបានឆាប់រហ័ស ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងណែនាំដល់មន្ត្រីនគរបាលទាំងអស់ ឲ្យបន្តលើការងារយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩ ថ្វីត្បិតតែខណៈពេលនេះរលកទី ១ បានស្ងប់ស្ងាត់ទៅហើយក្តី ប៉ុន្តែសមត្ថកិច្ចយើងនៅតែបន្តអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ ទប់ស្កាត់ ជៀស វាងការឆ្លងជំងឺកូវីដ១៩ នៅក្នុងរលកទី ២។

To Top