ក្រសួងការងារ នាំយកឱកាសការងារជិត ៣ពាន់កន្លែង ផ្ដល់ជូនបងប្អូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
បាត់ដំបង ៖ វេទិកាការងារ សន្តិសុខសង្គម និង ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តដំណើរការយ៉ាងសស្រាក់សស្រាំ នៅតាមមូលដ្ឋាន របស់ប្រជាពលរដ្ឋ ជាក់ស្ដែង នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ វេទិកាការងារនេះ ត្រូវបានធ្វើឡើង នៅបរិវេណវត្ត រតនៈភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារ ផ្ដល់ជូនបងប្អូនអតីតពលករ និង ប្រជាពលរដ្ឋសរុបប្រមាណ៧០០នាក់ ព្រមជាមួយការផ្សព្វផ្សាយ ពីសារៈប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់យុវជន។

លោក យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វេទិកាការងារ នៅស្រុកភ្នំព្រឹកនេះដែរ គឺមានតំណាងរោងចក្រ សហគ្រាសធំៗចំនួន៥ បានចុះមក ជ្រើសរើសបុគ្គលិក ដោយផ្ទាល់សរុប ២ ៦៩០កន្លែង ក្នុងចំណោមឱកាសការងារ សរុបទូទាំងប្រទេសជាង៨ម៉ឺនកន្លែង។ ក្រៅពីការងារក្នុងស្រុក ក៏មានការចូលរួមពីសមាគម TAFTAC តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និងក្រុមហ៊ុនជ្រើសរើសពលករ ទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីផ្តល់ជម្រើសការងារ បន្ថែមជូនដល់ប្រជាពលរដ្ឋផងដែរ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការធ្វើការងារនៅក្នុងប្រទេស មិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារ ល្អប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យបងប្អូន បានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូននិងឪពុកម្ដាយ ក៏ដូចជាចៀសផុត ពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់ នៅក្រៅប្រទេស ។ អ្វីដែលពិសេសបំផុតនោះ គឺកម្មករនិយោជិតនឹង ទទួលបាននូវការគាំពារ និងសារៈប្រយោជន៍ជាច្រើនពី ប.ស.ស. មានដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ ដែលសុទ្ធតែជាតម្រូវការចាំ បាច់ទាំងពេលបច្ចុប្បន្ន និងនៅពេលចាស់ចូលនិវត្តន៍។

លោក យឹម ស៊ីណន ក៏បានលើកទឹកចិត្តយ៉ាងមុតមាំដល់យុវជន ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យចាប់យកឱកាសចុះឈ្មោះចូលរៀន វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកំពុង ផ្តល់ជូនយ៉ាងទូលំទូលាយដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។ លោកសង្កត់ធ្ងន់ថា «ការមានជំនាញពិតប្រាកដ នឹងក្លាយជាគ្រឹះដ៏រឹងមាំ ក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ឱ្យកាន់តែប្រសើរឡើង»។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមានបំណងចង់ដឹងព័ត៌មាន លម្អិតបន្ថែមអំពីឱកាសការងារក្នុងនិងក្រៅប្រទេស សារៈប្រយោជន៍ ប.ស.ស. កម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET 1.5M ឬចំណេះដឹងផ្សេងៗទៀត សូមទាក់ទងមកកាន់លេខ Hotline ១២៩៧ និងលេខ ១២៨៦៕











