ទូតកម្ពុជាប្រចាំកូរ៉េ នាំយកមូលនិធិមនុស្សធម៌ របស់សហគមន៍ខ្មែរ នៅកូរ៉េ ចែកជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បាននាំយកមូលនិធិមនុស្សធម៌ របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េចំនួន២ម៉ឺនដុល្លារ ដែលបានរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់ជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧ គ្រួសារ ស្មើនឹង ១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ។

កម្មវិធីចែកស្បៀងអាហារនិងសម្ភារៈនេះ មានការចូលរួមពីសំណាក់លោកហេង សារិទ្ធ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក លី សារី អភិបាលរងខេត្តសៀមរាប និង លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ និង ព្រមទាំងតំណាងសហគមន៍ខ្មែរនៅកូរ៉េ។

មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើង ដោយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមបរិច្ចាគ ជាថវិការពីសហគមន៍ខ្មែរដែលរស់នៅ ធ្វើការ និង សិក្សារៀនសូត្រ នៅប្រទេសកូរ៉េ ក្នុងគោលបំណងសម្រាលបន្ទុក របស់រដ្ឋាភិបាល និងចូលរួមចំណែកកាត់ បន្ថយការលំបាករបស់ជនភៀសសឹក និងគ្រួសារវីរកងទ័ព ដែលត្រូវបានជម្លៀស ពីតំបន់សមរភូមិមុខ និងត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។

កម្មវិធីចែកអំណោយមនុស្សធម៌នេះ ឯកអគ្គរាជទូត បានមានប្រសាសន៍ថា បើទោះបីជាជំនួយទាំងនេះមិនអាចឆ្លើយតប និងបំពេញបាននូវតម្រូវការ និងការលំបាករបស់ប្រជាជនភៀសសឹកក្តី ប៉ុន្តែបានបង្ហាញនូវស្មារតី សាមគ្គីភាព ស្រលាញ់ជាតិមាតុភូមិ ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ បើទោះបីជាពួកគាត់នៅចាកឆ្ងាយពីទឹកដីកំណើតក៏ដោយ តែទឹកចិត្តរបស់ពួកគាត់នៅតែនឹករលឹកដល់ស្រុកកំណើត និងតែងតែចង់ចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិជានិច្ច ៕




