កម្ពុជា យកចិត្តទុកដាក់ខ្ពស់លើពលរដ្ឋខ្មែរ នៅបណ្តាប្រទេសកំពុងមានសង្គ្រាម រវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរកំពុងស្ថិតនៅក្នុងបណ្តាប្រទេស ដែលកំពុងផ្ទះសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងស្ថិតនៅក្នុង បណ្តាប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិបរមា។
លោកថា “បណ្តាស្ថាន ឯកអគ្គរាជទូតកម្ពុជា ទាំងអស់ដែលទទួលបន្ទុក ទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ា បានទទួលការណែ នាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទង ដើម្បីសម្របសម្រួលក្នុង ករណីមានអាសន្ន” ។
អ្នកនាំពាក្យបន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទួគីយេ និងគូវ៉ែត បានចេញសេចក្តីអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងបានទាក់ទងជាប្រចាំជាមួយប្រធានក្រុមនិស្សិត ហើយបានប្រាប់ឱ្យពួកគេ រក្សាការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនជានិច្ចក្នុងករណីមានអាសន្ន ដោយត្រូវស្តាប់តាមការណែនាំ របស់អាជ្ញាធរនៃប្រទេសដែលខ្លួនកំពុងស្នាក់នៅ។
លោកអះអាងទៀតថា ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហានេះ។ រហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មាន ស្តីពី ប្រជាជនខ្មែរទទួលរងគ្រោះដោយសារសង្គ្រាមនេះនៅឡើយទេ។
សូមបញ្ជាក់ថា នៅប្រទេសអ៊ីស្រាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩ នាក់កំពុងសិក្សានៅទីនោះ ។ ក្នុងនោះនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១៥៣ នាក់ និងសាលាកសិកម្មព្រែកលាបចំនួន៨៦ នាក់។ ចំណែកនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧ នាក់។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅ ធ្វើការ ឬធ្វើដំណើរកម្សាន្តក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ ៕
