យន្តហោះចម្បាំងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡា បាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្ស លើមូលដ្ឋានយោធា ភាគខាងជើងប្រទេសអ៊ីស្រាអែល
បរទេស៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូត របស់ប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡាបានបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងមូលដ្ឋានយោធាមួយក្បែរទីក្រុងហៃហ្វា ភាគខាងជើងប្រទេសអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា ក្រុមប្រដាប់អាវុធលីបង់ ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បាននិយាយនៅព្រឹកថ្ងៃចន្ទថា ការវាយប្រហាររបស់ខ្លួនគឺជាការសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី «ដើម្បីការពារប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន» និង «ឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ីស្រាអែលម្តងហើយម្តងទៀត»។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅទៅលើការវាយប្រហាររបស់អ៊ីស្រាអែលស្ទើរតែរាល់ថ្ងៃលើប្រទេសលីបង់ថា «ថ្នាក់ដឹកនាំតស៊ូតែងតែបញ្ជាក់ថា ការបន្តឈ្លានពានរបស់អ៊ីស្រាអែល និងការធ្វើឃាតមេដឹកនាំ យុវជន និងប្រជាជនរបស់យើង គឺផ្តល់ឱ្យយើង នូវសិទ្ធិក្នុងការការពារខ្លួនយើង និងឆ្លើយតបនៅពេលវេលា និងទីកន្លែងសមស្រប»។ «សត្រូវអ៊ីស្រាអែល មិនអាចបន្តការ ឈ្លានពានរយៈពេល ១៥ ខែរបស់ខ្លួនដោយគ្មានការឆ្លើយតបព្រមានដើម្បីបញ្ឈប់ការឈ្លានពាននេះ និងដកថយពីទឹកដីលីបង់ដែលកាន់កាប់នោះទេ» ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ NNA បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបណ្តាលឱ្យមនុស្សចំនួន ៣១ នាក់ស្លាប់ និង ១៤៩ នាក់រងរបួស។
ប្រែសម្រួលៈ ណៃ តុលា
