ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ UN អំពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់អង្គការ សហប្រជាជាតិ UN អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី មានស្រាប់រវាងប្រទេសទាំងពីរ ។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកស្រី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែក របស់កម្ពុជាក្នុងអំឡុងពេល ២០ ឆ្នាំ នៅក្នុងបេសកកម្មរក្សាសន្តិភាព ពិភពលោក តាមរយៈការ បន្តបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្ម ថែរក្សាសន្តិភាព នៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ, លោកស្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាពេលកន្លងមក ។

លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ថា ទីភ្នាក់ងារនានារបស់អង្គការ សហប្រជាជាតិនៅកម្ពុជា នឹងបន្តភាពសកម្មរបស់ខ្លួន ដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះតួនាទីក្នុងភាពជាដៃគូ របស់អង្គការសហប្រជាជាតិក្នុងការគាំទ្រ ដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញ ពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩ ខាងមុខនេះ។

ក្នុងឱកាសនោះ, សម្ដេចធិបតី ក៏បានរំលឹកឡើងវិញអំពីជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការបស់សម្ដេចធិបតី និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី Annalena Baerbock ប្រធានសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាឯកឧត្តម Volker Türk ឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញបំពេញបេសកកម្មការងារ នៅទ្វីបអឺរ៉ុប។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងបណ្ដាទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា ។

សម្ដេចធិបតី ក៏បានជម្រាបជូនលោកស្រី Vladanka Andreeva អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់ អំពីជំហររបស់កម្ពុជានៅក្នុងការបន្ត ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

លោកស្រី ក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរ ដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

To Top