ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៤៩.៣៣១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន ៤៩.៣៣១នាក់ទៀត (ស្ត្រី២៥.៨៣១ នាក់ និងកុមារ ១៦.៣៣១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាង ពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាព មិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។
ក្រសួង បន្ដថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក អំពីសកម្មភាពមិនស្មោះត្រង់ របស់យោធា ថៃ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនកន្លែង ហួសពី ខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួង គូសបញ្ជាក់ថា «ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៦សែន នាក់ ឬជាង៩២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៤៩.៣៣១នាក់ទៀត (ស្ត្រី២៥.៨៣១ នាក់ និងកុមារ១៦.៣៣១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាយ៉ាងដាច់អហង្ការរបស់រាជរដ្ឋាភិបាល ចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ ពិសេសការចល័តនាវាកងទ័ពជើងទឹកថៃ ចូលក្នុងដែន សមុទ្រកម្ពុជា ដោយចាប់ខ្លួនពលរដ្ឋខ្មែរ៣នាក់ ព្រមទាំងរឹបអូសនាវានេសាទរបស់ពួកគេថែមទៀត៕
