សាស្រ្តាចារ្យ ឈាង រ៉ា ៖ ស្ត្រី កំពុងវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ស្ត្រី ពិតប្រាកដណាស់ គឺកំពុងវិវត្តន៍លូតលាស់នូវភាពរីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ លើគន្លងផ្លូវគតិបណ្ឌិត។
ការលើកឡើង របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។

រដ្ឋមន្រ្តីសុខាភិបាលមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំនេះ ជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្រ្តី ក៏ដូចជាឆ្លុះបញ្ចាំងលើមេរៀនជាបទពិសោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅសម្រេចបានសង្គមដែលមានបរិយាបន្ន និងសមភាព សម្រាប់ទាំងអស់គ្នា។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារដែលផ្តល់បរិយាកាសអំណោយផលរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ។ ក្នុងនោះ ការពារសិទ្ធិស្រ្តី ក្មេងស្រី និងការផ្តល់កាលានុវត្តភាព ពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តកសាង ថែរក្សាសន្តិភាព និងសន្តិសុខនោះ បានរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

នាឱកាសនោះដែរ សាស្រ្តាចារ្យ បានគូសរំលឹកពីតួនាទីស្រ្តីដើរតួនាទី យ៉ាងសំខាន់ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើនថា ស្រ្តីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌ , ស្រ្តីតំណាងឱ្យ ជីវិតដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ , ស្រ្តីវ័យកាន់តែច្រើន បទពិសោធន៍កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្រ្តីនៅក្នុងគ្រួសារ-សង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួន ៕









