អង្គការហេឡែន បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល
ភ្នំពេញ ៖ អង្គការហេឡែន ខេលល័រ អន្តរជាតិ បានបេ្តជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រសួង សុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង ។

ក្នុងជំនួបពិភាក្សាការងារ រវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាមួយ លោកវេជ្ជបណ្ឌិត Shawn Baker អនុប្រធានអង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាព ដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់លោកសាស្ត្រាចារ្យ ឈាង រ៉ា ស្វាគមន៍យ៉ាងកក់ក្តៅ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងសុខាភិបាល និងអង្គការហេឡែនដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ។
ជាទិសដៅបន្ត សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត និង ស្នើឱ្យអង្គការការហេឡែន បន្តពង្រឹងកិច្ចសហការ ឱ្យកាន់តែស៊ីជម្រៅជាមួយអង្គភាពជំនាញសំខាន់ៗ នៃក្រសួងសុខាភិបាល រួមមាន ៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក , មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព , នាយកដ្ឋានការពារសុខភាព និងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ចំណែកលោកវេជ្ជបណ្ឌិត Shawn Baker បានលើកឡើង ពីបេសកកម្មរបស់អង្គការការហេឡែនថា គោលដៅគឺជួយ សង្គ្រោះ និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនងាយរងគ្រោះទូទាំងពិភពលោក តាមរយៈការការពារ និងប្រយុទ្ធប្រឆាំងផលវិបាក ដែលបណ្តាលមកពីភាពពិការភ្នែក សុខភាពមិនល្អ និងកង្វះអាហារូបត្ថម្ភ ដោយអនុវត្តគម្រោងអន្តរាគមន៍ ផ្អែកលើភស្តុតាង និងការស្រាវជ្រាវវិទ្យាសាស្ត្រ។

លោកបន្តថា ដើម្បីសម្រេចបានបេសកកម្មនេះ អង្គការការហេឡែន បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលនានា ក្នុងការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍកម្មវិធីអន្តរាគមន៍ទ្រង់ទ្រាយធំដែលមាននិរន្តរភាព និងភាពធន់ខ្ពស់ ដើម្បីផ្តល់សេវាការពារ ព្យាបាលសុខភាពភ្នែក និងបញ្ហាកង្វះអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព៕









