ព័ត៌មានអន្តរជាតិ

ការពន្យារពេលកិច្ចពិភាក្សា អំពីអាកាសធាតុយូអិន នឹងត្រូវធ្វើឡើង នៅខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង Glasgow

ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សាអាកាសធាតុ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានពន្យារពេល ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ នឹងត្រូវបានធ្វើឡើង នៅក្នុងទីក្រុង Glasgow នាខែវិច្ឆិកា ឆ្នាំក្រោយ។

លោក Alok Sharma រដ្ឋមន្រ្តីអង់គ្លេស ទទួលបន្ទុកកិច្ចពិភាក្សានេះ បានអំពាវនាវឱ្យប្រទេសដទៃទៀត ធ្វើការរួមគ្នាដើម្បី “ការងើបឡើងវិញ នូវភាពស្អាតស្អំនៃសេដ្ឋកិច្ច” ដែលត្រូវបានបំផ្លាញដោយការបិទ ដែលទាក់ទងនឹងវីរុសកូវីដ-១៩នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Sharma ដែលជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច ថាមពល និងយុទ្ធសាស្រ្តឧស្សាហកម្ម បានឲ្យដឹងថា“ ខណៈដែលយើង ផ្តោតការយកចិត្តទុកដាក់ លើការប្រយុទ្ធប្រឆាំង នឹងវិបត្តិមេរោគឆ្លងភ្លាមៗនោះ យើងមិនត្រូវមើលឃើញ ពីបញ្ហាប្រឈមដ៏ធំ នៃការប្រែប្រួលអាកាសធាតុឡើយ” ។

លោក Sharma បានប្រកាសសន្និសីទលើកទី ២៦ ស្តីពីការផ្លាស់ប្តូរអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងកំពង់ផែស្កុតឡេន។ សន្និសីទ ដែលត្រូវបានគេស្គាល់ថា COP26 ត្រូវបានគេសន្មត់ថា នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top