កម្ពុជា គាំទ្រ គំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនម៉ាឡេស៊ី ក្នុងការរៀបចំព្រឹត្តិការណ៍ ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិ ដែលពុំធ្លាប់ មាននៅកម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិន ពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រ ពីក្រសួងទេសចរណ៍ លើការរៀបចំព្រឹត្តិការណ៍ ជំរុញទេសចរណ៍ កម្រិតអន្តរជាតិនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោក Michael Cheow បានថ្លែងអំណរ គុណដល់លោករដ្ឋមន្ត្រី ដែលអនុញ្ញាតជូន រូបលោក និងសហការី ជាតំណាងក្រុមហ៊ុនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រ និងការផ្តល់អនុសាសន៍ លើគម្រោងឈ្មោះថា “The Kingdom’s Grand Prix & Gala” ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ ជំរុញវិស័យទេសចរណ៍ ជាលក្ខណៈអន្តរជាតិចំនួន៣ ធំៗ គឺ៖ មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រី កម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា; ២).ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹក ដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន និង៣).ការប្រណាំងរថយន្តកម្រិត GT (Grand Touring) ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណង លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហា វិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរ ដែលនិយមចំណាយខ្ពស់។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីការត្រៀមលក្ខណៈរួចរាល់ របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីការគាំទ្រ របស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិ ជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ ដែលនឹងក្លាយជាសមិទ្ធផល គួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេង ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានស្នើលោកប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជា ទៅកាន់ប្រជាជនម៉ាឡេស៊ី ដោយបានបញ្ជាក់ផងថាកម្ពុជា នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ពោរពេញដោយសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគវិស័យទេសចរណ៍៕





