លោក ឆាយ ឫទ្ធិសែន អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
តាកែវ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេន ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាន នាពេលកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ស្របតាមគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន ៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែក ជួយដល់ការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច រួមមាន វិស័យអប់រំ សុខាភិបាល ការស្ថាបនា ផ្លូវថ្នល់ ស្ពាន ការអភិវឌ្ឍភូមិគំរូ ការបណ្ដុះបណ្ដាលជំនាញ មូលដ្ឋានដល់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ជាក់ស្តែងថ្ងៃនេះក្រសួង និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងរួមគ្នាក្នុងពិធីបើកការដ្ឋានស្ថាបនា មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ នៅក្នុងខេត្តតាកែវ។

លោកឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងសន្ទុះមួយដ៏លឿនរបស់កម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានចែករំលែកបទពិសោធន៍ ក្នុងដំណើរការនៃការអភិវឌ្ឍជនបទ នៅក្នុងប្រទេសកូរ៉េ និងបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក ហើយក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ លោកឯកអគ្គរដ្ឋទូត បានសន្យាបន្តពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ បន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ឱ្យមានសន្ទុះមួយកាន់តែលឿនថែមទៀត។

លោករដ្ឋមន្ត្រី បានសម្តែងសេចក្ដីរីករាយ និង ថ្លែងអំណរគុណចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការី ដែលបានបង្ហាញ អំពីការចូលរួមបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពរឹងមាំថែមទៀត៕
