លោក ដូណាល់ ត្រាំ ការពារការវាយប្រហារលើអ៊ីរ៉ង់ និងរិះគន់ក្រុមប្រជាធិបតេយ្យ ចំពោះការប្រតិកម្ម
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានការពារការវាយប្រហារលើអ៊ីរ៉ង់ថា “ចាំបាច់ និងសំខាន់ខ្លាំងណាស់” ដោយរិះគន់ក្រុមប្រជាធិបតេយ្យ ចំពោះការប្រតិកម្ម ។
លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ក្រុមប្រជាធិបតេយ្យ ឆ្វេងនិយម ដែលជាគណបក្សមួយដែលបានវង្វេងផ្លូវទាំងស្រុង កំពុងត្អូញត្អែរ និងប្រតិកម្មអំពីការវាយប្រហារចាំបាច់ និងសំខាន់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់”។
លោកបានលេីកឡេីងថា “អ្វីដែលមនុស្សភាគច្រើនយល់គឺថា ពួកគេគ្រាន់តែត្អូញត្អែរដោយសារតែខ្ញុំបានធ្វើវា ហើយប្រសិនបើខ្ញុំមិនបានធ្វើវាទេ ពួកគេនឹងស្រែកថា — ហេតុអ្វីបានជាលោក ត្រាំ មិនវាយប្រហារអ៊ីរ៉ង់ លោកគួរតែធ្វើវាភ្លាមៗ?”។
អ្នកតាក់តែងច្បាប់ប្រជាធិបតេយ្យ បានរិះគន់សកម្មភាពនេះ ដោយអះអាងថា មិនមានការគំរាមកំហែងណាមួយកើតឡើងនោះទេ ហើយការវាយប្រហារនេះ មិនត្រូវបានអនុញ្ញាតដោយសភាទេ។ ពួកគេក៏បានព្រមានផងដែរថា លោក ត្រាំ អាចកំពុងអូសទាញ សហរដ្ឋអាមេរិកចូលទៅក្នុងជម្លោះដ៏អូសបន្លាយមួយផ្សេងទៀតនៅមជ្ឈិមបូព៌ា។
នៅក្នុងការបង្ហោះមួយនៅលើវេទិកាសង្គម X កាលពីថ្ងៃចន្ទ លោក Hakeem Jeffries សមាជិកសភាជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យ នៅក្នុងសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិក បានសរសេរថា អាទិភាពរបស់រដ្ឋបាលលោក ត្រាំ គឺមិនត្រឹមត្រូវនោះទេ។
លោកបានលេីកឡេីងថា “លោក ដូណាល់ ត្រាំ និងអ្នកជ្រុលនិយមសាធារណរដ្ឋមានឆន្ទៈចំណាយប្រាក់រាប់ពាន់លាន ដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់។ ពួកគេមិនបានធ្វើអ្វី ដើម្បីបន្ថយតម្លៃគ្រឿងទេស ឬថ្លៃដើមក្នុងការរស់នៅខ្ពស់នោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
